(ភ្នំពេញ)៖ នាពេលបច្ចុប្បន្ននេះសង្កេតឃើញថា គម្រោងជាច្រើនបានរីកដុះដាលដូចផ្សិត នៅទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលសបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនរបស់ខេត្តទាំងមូល។ តួយ៉ាងកាលពីម្សិលមិញនេះ ក៏មានការរៀបចំពិធីក្រុងពាលីសម្ពោធការដ្ឋានថ្មី សាងសង់សំណង់អគារជាច្រើន ដែលត្រៀមចាយទុនប្រមាណ ២០០លានដុល្លារ ដើម្បីកែប្រែអយសមឈ្មោះក្រុមហ៊ុន ថា «ទីក្រុងមាស»។

នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ ទីក្រុងមាស របស់ក្រុមហ៊ុន ជីងតា ទីរៀល អ៊ីស្ទេត ឌីវេឡុបមិន ហៅ (ទីក្រុងមាស) នៅភូមិច័ន្ទគិរី, សង្កាត់ប៉ោយប៉ែត, ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ មានការអញ្ជើញចូលរួមដោយចៅសង្កាត់ប៉ោយប៉ែត លោក ពោត លោត, អគ្គនាយកក្រុមហ៊ុន លោក ឈិន ជីជើ, លោក ហង្ស ឧត្ដមម៉ានី ប្រធានទីផ្សារក្រុមហ៊ុន និងក្រុមការងារជាច្រើនផ្នែកទៀត។

បើតាមចៅសង្កាត់ប៉ោយប៉ែត លោក ពោត លោត បានឲ្យដឹងនៅក្នុងពិធីសម្ពោធការសាងសង់របស់ទីក្រុងមាសថា លោករំពឹងខ្ពស់ថាសំណង់អគារដែលបង្ហាញវត្តមាន នៅក្រុងប៉ោយប៉ែតនេះ នឹងលើកមុខមាត់ ដល់ក្រុងកាន់តែល្អ និងរីកចម្រើន ហើយនេះគឺជាគម្រោងធំមួយដែលចាយទុនរហូតដល់ ២០០លានដុល្លារ មានកាស៊ីណូ មានខុនដូ ផ្សារទំនើប ផ្ទះវីឡាជាដើម។ នៅក្នុងនោះ លោកក៏សំណូមពរឲ្យការសាងសង់ និងការដែលមក វិនិយោគនៅកម្ពុជា ប្រកបដោយគុណភាព និងគោរពទៅតាមគោលការណ៍របស់រដ្ឋាភិបាល។

ដោយឡែកលោក ឈិន ជីជើ អគ្គនាយកក្រុមហ៊ុន ទីក្រុងមាស បានលើកឡើងថា ក្រុមហ៊ុនលោកមានគម្រោងវិនិយោគលើផ្ទៃដី ៨ហិចតា មានទីតាំងនៅភូមិឃុំខាងលើនេះ គឺមានគម្រោងបើកការដ្ឋាន សាងសង់ នៃគម្រោងផ្ទះវីឡា ខុនដូ កាស៊ីណូ ផ្សារទំនើប និងទីតាំងជាច្រើនទៀត នៅលើផ្ទៃដីទាំងមូល លោករំពឹងថា អតិថិជនអាចមកទស្សនាគម្រោងរបស់ក្រុមហ៊ុនបាន នៅទីតាំងនេះតែម្តង។

ជាចុងក្រោយលោក ហង្ស ឧត្ដមម៉ានី ដែលជាប្រធានទីផ្សារក្រុមហ៊ុន បានប្រាប់អោយដឹងថាក្រុមហ៊ុន មានគម្រោងជាច្រើន ក្នុងការផ្តល់ភាពងាយស្រួលទីតាំងល្អសម្រាប់អតិថិជន ដោយក្រុមហ៊ុនមានកាស៊ីណូ១ ខុនដូ៤ ដែលមានកម្ពស់១៣ជាន់ ផ្សារទំនើប ផ្ទះវីឡា និងគម្រោងជាច្រើនទៀតផងដែរ៕