(កណ្តាល)៖ ក្រុមក្មេងទំនើងមានគ្នាជាង ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ ជិះដេញកាប់សម្លាប់យុវជន ៣នាក់ បណ្តាលឲ្យស្លាប់ម្នាក់ ក្រោយបញ្ជូនទៅដល់មន្ទីរពេទ្យ ក្រោយពួកគេផឹកស្រាក្រឡុកនៅក្បែរោងអ្នកមាត់ស្ទឹងតាខ្មៅ។

ហេតុការណ៍នេះ បានកើតឡើងនាយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅនៅចំណុចផ្លូវជាតិលេខ២ មុខវត្តព្រែកឬស្សី ភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក្នុងករណីអំពើហិង្សានេះ បណ្តាលឱ្យយុវជនម្នាក់ក្នុងទៀតរងរបួសផងដែរ។

នគរបាលមូលដ្ឋាន បានឱ្យដឹងថា ជនរងគ្រោះដែលស្លាប់នោះឈ្មោះ ទេព ចន្ធី អាយុ១៩ឆ្នាំ មានមុខរបរនៅផ្ទះ ភូមិព្រែកហូរលិច១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ម្នាក់ទៀតរងរបួសធ្ងន់ឈ្មោះ កោក និងម្នាក់ទៀតរត់គេចខ្លួនរួច។ ចំណែកក្រុមជនសង្ស័យមានគ្នាប្រហែល ២០នាក់ ជិះម៉ូតូប្រហែល ១០គ្រឿង ប្រដាប់ដោយដាវសាំម៉ូរ៉ៃ។

នគរបាលបានបន្តថា មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាជិះម៉ូតូចេញពីផឹកស្រាក្រឡុក នៅមាត់ស្ទឹងក្បែររោងអ្នកតាថៃជឺក្រុងតាខ្មៅ លុះពេលត្រឡប់មកវិញ ជិះម៉ូតូដល់ស្តុបក្រពើហាស្រាប់តែ ឃើញជនសង្ស័យខាងលើ ជិះម៉ូតូដេញតាមពីក្រោយ រហូតដល់មុខវត្តព្រែកឬស្សី ជនរងគ្រោះភ័យជិះបត់ស្តាំចូលតាមផ្លូវក្បែសង្កាត់ព្រែកឬស្សី ហើយម៉ូតូជនរងគ្រោះក៏ជ្រុលទៅបុកជាប់ និងរបងសាលាសង្កាត់បណ្តាលឱ្យដួលម៉ូតូជនរគ្រោះ២នាក់ ដួលដេកលើថ្នល់ ចំណែកជនរងគ្រោះម្នាក់ទៀតឈ្មោះ ស្រ៊ុន វិសាល បានព្យាយាមរត់គេចខ្លួនបាត់ នៅសល់ជនរងគ្រោះ ២នាក់ កំពុងរងរបួសដោយសារដួលម៉ូតូស្រាប់ ត្រូវក្រុមជនល្មើសយកដាវសាំម៉ូរ៉ៃកាប់លើក្បាលបណ្តាលឱ្យមានរបួសធ្ងន់ រួចក្រុមជនសង្ស័យបាន ជិះគេចខ្លួនបាត់។

រីឯជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះ របស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដឹកយកមកព្យាបាលនៅមន្ទីពេទ្យជ័យជំនះ រួចបញ្ជូនទៅ់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញបន្តទៀត។ តែជាអកុសលជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យក្រុងភ្នំពេញ។

ប្រជាពលរដ្ឋរស់នៅក្រុងតាខ្មៅបាននិយាយ ក្រោយឃើញកើតហេតុថា បច្ចុប្បន្នក្រុងតាខ្មៅមានអំពើដេញកាប់ ដេញចាក់ ដេញបុក ឬក៏បាញ់បោះសេរី គឺកើតក្រោយពួកទំនើងទាំងនោះចេញពីកន្លែង ស៊ីផឹកស្រវឹងត្រេងត្រាងពេញផ្លូវ ជេ បញ្ចោគ្នា រហូតកើតជាសង្គ្រាមពាក្យសំដី និងសង្គ្រាមដោយប្រើអាវុធដាក់គ្នាធ្វើឱ្យពលរដ្ឋភ័យខ្លាញជារៀងរាល់ថ្ងៃរាល់យប់។

ប្រជាពលរដ្ឋបានលើកឡើងទៀតថា នេះគឺដោយសារអាជ្ញាធរមិនយកចិត្តទុកដាក់ ចុះត្រួតពិនិត្យតាមហាងផឹកស៊ី ឬខារ៉ាអូខេទាំងនោះ ឱ្យបានញឹកញាប់ ឬក៏ចុះធ្វើរដ្ឋបាលតាមហាងឬខារ៉ាអូខេទាំងនោះ ដើម្បីកុំឱ្យជនខិលខូចយកកន្លែងទាំងនេះសំងំចាំធ្វើសកម្មភាព លុះអ្នកភ័យខ្លាចទុក្ខព្រួយពលរដ្ឋស្លូតត្រង់ពួកគាត់៕