(ស្វាយរៀង)៖ បុរសម្នាក់ទំនងជាស្រវឹងស្រាហើយចិត្តខ្លាំងទៀត បានយកដែកកេះដុតម៉ូតូខ្លួនឯងចោល ឆេះយ៉ាងសន្ធោរសន្ធៅសល់តែគ្រោងឆ្អឹង ព្រោះខឹង និងសមត្ថកិច្ចជិះម៉ូតូដេញតាមប្រាប់ថា កុំឲ្យជិះម៉ូតូលឿនពេក ព្រោះខ្លាចបង្កគ្រោះថ្នាក់ដល់ខ្លួនឯង និងអ្នកដទៃ។ ហេតុការណ៍នេះ បានកើទឡើងម៉ោងប្រមាណ១១៖៣០នាទីព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ នៅខាងក្រោមស្ពានតាហោ (ផ្លូវវាង) ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ពោធិ៍តាហោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ពាក់អាវក្រហម អាយុប្រមាណជាង៣០ឆ្នាំ មិនស្គាល់អត្តសញ្ញាណ បានជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវ ពណ៌ក្រហម គ្មានស្លាកលេខ ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន លុះមកដល់ចំនុចកើតហេតុខាងលើ ក៏ត្រូវសមត្ថកិច្ចជិះដេញពីក្រោយ ហើយបានប្រាប់បុរសខាងលើឲ្យឈប់ និងកុំបើកបរលឿនពេក ព្រោះស្ពានគេកំពុងជួសជុល ខ្លាចគ្រោះថ្នាក់ ស្រាប់តែបុរសខាងលើនិយាយទំនងជាស្រវឹងថា គេបើកតែគេ បើគ្រោះថ្នាក់គ្រោះថ្នាក់តែគេដែរ គ្មានអីពាក់ព័ន្ធលោកប៉ូលីសទេ រួចក៏ផ្តួលម៉ូតូ ទាញយកដែកកេះមកដុតឆេះខ្ទេច ហើយដើរចេញទៅធ្វើមិនដឹង។

បន្ទាប់ពីដុតម៉ូតូរួច សមត្ថកិច្ចក៏បានឃាត់ខ្លួនជននោះ យកទៅស្នងការដ្ឋានខេត្តស្វាយរៀង ដើម្បីសួរនាំ និងធ្វើតេស្តទឹកនោម ក្រែងមានសាធាតុញៀន។

សូមបញ្ជាក់ថា ក្នុងហេតុការណ៍នេះក៏មានរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគរបាលខេត្តមួយគ្រឿង មកអន្តរាគមន៍ ប៉ុន្តែមិនអាចឃាត់ភ្លើងដែលកំពុងឆេះសន្ធោរសន្ធៅបានទេ មួយពព្រិចសោះឆេះម៉ូតូម៉ត់សល់តែគ្រោងឆ្អឹងតែប៉ុណ្ណោះ៕