(កំពត)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោក ជាវ តាយ អភិបាលខេត្តកំពត នាថ្ងៃទី០២ ខែកក្តដា ឆ្នាំ២០១៩នេះ បាននាំយកថវិកា សម្តេចតេជោ ហ៊ុន សែន ដែលតាមរយៈទទួលបានពីការបរិច្ចាគ ពីសប្បុរសជននានា ផ្តល់ជូនគ្រួសារសព៨នាក់ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ របស់ជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ។

ការប្រគល់ និងទទួលថវិកានេះ ធ្វើឡើងនៅធនាគារ អេស៉ីលីដា សាខាខេត្តកំពត ដែលមានគ្រួសារសពជនរងគ្រោះមក ទទួលចំនួន៨គ្រួសារ មកពីស្រុកចំនួន ២នៃខេត្តកំពត។ ក្នុងនោះសពជនរងគ្រោះ នៅក្នុងស្រុកកំពង់ត្រាច ចំនួន៦នាក់ និងសពជនរងគ្រោះក្នុង ស្រុកដងទង់ ចំនួន២នាក់ ដោយក្នុងសពម្នាក់ៗ ឬមួយគ្រួសារ ទទួលបានថវិកាចំនួន ៨២.៩២៩ដុល្លារអាមេរិក។ ហើយថវិកាទាំងនេះ ក៏ត្រូវបានបញ្ចូលទៅក្នុងគណនេយ្យធនាគារ របស់ក្រុមគ្រួសារនីមួយៗ ដើម្បីរក្សានូវសុវត្ថិភាព ក៏ដូចជាការដក និងដាក់ប្រាក់តាមតម្រូវការគ្រួសាររៀងៗខ្លួនផងដែរ។

លោក សេង ទៀង បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះក្រុមគ្រួសារសពជនរងគ្រោះទាំងនោះ ដើម្បីសំដែងសមានចិត្ត ចូលរួមសោកស្តាយ និងរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារសព ដែលត្រូវបាត់បង់ស្វាមី និងកូនៗជាទីស្រលាញ់ ក៏ដូចជាការបាត់បង់នូវធនធានមនុស្ស ដ៏មានសក្ដានុពលសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិផងដែរ។ លោកបានបញ្ជាក់ថា ថវិកា ដែលនាំយកមកប្រគល់ ដល់ដៃក្រុមគ្រួសារសព ជនរងគ្រោះពេលនេះ គឺក្នុងនាមសប្បុសធម៌ ដោយបានមកពីការខិតខំយកចិត្តទុកដាក់ របស់សម្ដេចតេជោ ហ៊ុន សែន ធ្វើការអំពាវនាវស្វែងរកមូលនិធិ ពីសប្បុរជននានា ដើម្បីជួយក្នុងនាមខ្មែរដូចគ្នា ខ្មែរតែមួយ ឈាមជ័រតែមួយ។

លោក សេង ទៀង ក៏បានសំណូមពរផ្ដាំផ្ញើ ដល់ក្រុមគ្រួសារសពនីមួយៗ កុំអស់សង្ឃឹម ដើម្បីបន្តមុខរបរចឹញ្ចិមជីវិត និងគ្រួសារ តទៅមុខទៀត ជៀសវាងប្រព្រឹត្តអំពើ ដែលសង្គមមិនត្រូវការ។

ក្នុងឱកាសនោះក្រុមគ្រួសារសពនីមួយៗ ក៏បានសំដែងក្តីកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំល្អ ជានិច្ចកាលសម្តេចទាំងទ្វេ តែងតែមានការយកចិត្តទុកដាក់ ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ មិនថាក្នុងពេលវេលាណាមួយឡើយ និងដោយមិនមានការរើសអើងអ្វីឡើយ៕