(ភ្នំពេញ)៖ ក្រុមគ្រូៗ និងនិស្សិតដែលជាអ្នកបង្កើតមនុស្សយន្តដំបូងគេនៅកម្ពុជា បានអំពាវនាវដល់ក្រសួង និងភាគីពាក់ព័ន្ធទាំងអស់ មេត្តាបន្ដគាំទ្របន្ថែមទៀត ចំពោះការសិក្សាស្រាវជ្រាវ និងការអភិវឌ្ឍន៍ថ្មីៗរបស់កូនខ្មែរ ដើម្បីឲ្យអ្នកបង្កើតថ្មី មានកំលាំងចិត្ត បន្ដការខិតខំកាន់តែខ្លាំងឡើងៗ។

ថ្លែងក្នុងកម្មវិធីកិច្ចសម្ភាសប្រចាំសប្តាហ៍របស់ទូរទស្សន៍ Fresh News លោក សុភ័ណ វោហា អ្នកគ្រប់គ្រងទូទៅបន្ទប់ស្រាវជ្រាវ ក្នុងការបង្កើតមនុស្សយន្ត បានឲ្យដឹងថា «ខ្ញុំសូមសំណូមពរដល់សិស្សនិស្សិត ដែលរៀនមុខវិជ្ជាផ្នែកបច្ចេកទេស, អគ្គិសនី, អេឡិចត្រូនិក និងផ្នែកមេកានិចជាដើម ប្រសិនបើចង់អភិវឌ្ឍន៍ផ្នែក Robot សូមព្យាយាមសិក្សា និងអភិវឌ្ឍន៍ឲ្យបានច្រើនទៅលើវា។ ប្រសិនបើចង់ឲ្យកាន់តែច្បាស់ សូមមកសិក្សានៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ ព្រោះសាលាមានបន្ទប់ស្រាវជ្រាវ ដែលផ្ដល់ឱកាសយ៉ាងពេញលេញ ចំពោះសិស្សនិស្សិតបានចូលរួម និងអភិវឌ្ឍន៍ជាមួយការងារជាក់ស្ដែង»

លោក ជ្រិន ជីវ៉ា គ្រូខាងសរសេរ Program សម្រាប់បង្កើត Robot បានឲ្យដឹងថា «ខ្ញុំសូមគាំទ្រដល់សិស្សនិស្សិត ដែលចូលចិត្តផ្នែកបច្ចេកទេស និងចង់បង្កើតអ្វីដែលថ្មីជូនដល់ពលរដ្ឋ សូមព្យាយាមសិក្សាផ្នែកបច្ចេកទេសឲ្យបានច្រើន ដើម្បីបង្កើតអ្វីថ្មីៗ ជួយសម្រួលដល់សង្គមជាតិកម្ពុជា»

លោក កែវ មនោរម្យ គ្រូផ្នែកមេការិច បានឲ្យដឹងថា «ខ្ញុំសូមអរគុណដល់ក្រសួងការងារ និងស្ថាប័នពាក់ព័ន្ធដែលបានឧបថត្ថមជាថវិកា សម្រាប់ពួកខ្ញុំក្នុងការបង្កើត Robot នេះឡើង។ ខ្ញុំសូមសំណមពរដល់គាគីពាក់ព័ន្ធនឹងទាំងអស់ សូមគាំទ្រដល់ពួកខ្ញុំបន្ដទៀត ដើម្បីបង្កើតនូវអ្វីៗដែលថ្មី និងសំណូមពរដល់ប្អូនៗនិស្សិត ឬប្អូនៗរៀនថ្នាក់ទី១២ត្រៀមបញ្ចប់នេះ សូមឲ្យពួកគាត់ជ្រើសរើសជំនាញសម្រាប់ការរៀន ដើម្បីឲ្យទាន់នឹងបច្ចេកវិទ្យា៤.០ ដែលកំពុងរៀបចំ និងដាក់ឲ្យប្រើប្រាស់»

សូមបញ្ជាក់ថា មនុស្សយន្ត ឬ Robot ដំបូងគេដែលទើបតែបង្កើតបាននេះ មានឈ្មោះថា «រ៉ូប៉ូតខេមព្រះកុសុមៈ» មានអាយុមួយឆ្នាំ និងទម្ងន់៤៥គីឡូក្រាម អាចនិយាយបាន២ភាសា គឺភាសាខ្មែរ និងភាសាអង់គ្លេស។

កូនខ្មែរអ្នកបង្កើតមនុស្សយន្តដំបូងគេនៅកម្ពុជានេះ បានបង្ហាញពីមហិច្ឆតារបស់ខ្លួនថា នឹងខិតខំបន្តទៀតក្នុងការអភិវឌ្ឍមនុស្សយន្ត ឲ្យកាន់តែដូចមនុស្សពិតៗ ដើម្បីបង្ហាញឲ្យបរទេសឃើញថា កម្ពុជាបាននិងកំពុងរីកចម្រើន ក្នុងវិស័យបច្ចេកវិទ្យា ដែលអាចបង្កើត Robot ដោយខ្លួនឯងបាន៕