(កំពង់ធំ)៖ ស្របពេលដែលរដ្ឋបាលក្រុងស្ទឹងសែន រៀបចំបើកផ្លូវពីចំណុចគល់ស្ពានស្ទឹងសែន ទៅកាន់ផ្លូវវាងក្រុង ឲ្យបានធំទូលាយដើម្បីងាយស្រួល ធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋ និងអាជីវករនៅផ្សារស្ទឹងសែន ដែលក្នុងនោះអជ្ញាធរក្រុងស្ទឹងសែន រួមជាមួយអជ្ញាធរសង្កាត់កំពង់ក្របៅ បានរើសសំរាមក្នុងគោលបំណង សម្អាតបរិស្ថាន និងជាការលើកស្ទួយសុខភាព របស់ប្រជាពលរដ្ឋ តាមការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។

នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ រដ្ឋបាលក្រុងស្ទឹងសែន ដឹកនាំដោយលោក ឆួយ កុសល អភិបាលក្រុង ចុះដឹកនាំកម្លាំងសម្អាត នៅតាមមាត់ស្ទឹងសែន នៅចំណុចសង្កាត់កំពង់ក្របៅ ពីគល់ស្ពានស្ទឹងសែន ដល់ចំណុចផ្សារស្ទឹងសែន។ ការរៀបចំស្អាតនេះ គឺជាការយកចិត្តទុកដាក់ របស់អជ្ញាធរលើបរិស្ថាន និងសុខភាពពលរដ្ឋផងដែរ។

ជាមួយគ្នានេះលោក ឆូយ កុសល បានលើកឡើងថា ទីក្រុងស្អាត និងបរិស្ថានស្អាត គឺមានសារសំខាន់ និងតម្រូវឲ្យរដ្ឋបាលក្រុង ក៏ដូចជាប្រជាពលរដ្ឋ មានការយកចិត្តទុកដាក់ខ្ពស់ លើការទុកដាក់ និងវេចខ្ចប់សំរាម ឬកាកសំណល់ផ្សេងៗ ដែលខ្លួនប្រើប្រាស់រួច ឲ្យមានរបៀប និងយកទៅដាក់នៅ តាមកន្លែងដែលអាចឲ្យក្រុមហ៊ុនម៉ៅការ ខាងការរក្សាអនាម័យក្រុងប្រមូល ឬទីតាំងអាងសំរាមដែលនៅ ជិតផ្ទះរបស់ពលរដ្ឋ ហើយនេះគឺជាការជួយថែរក្សានូវអនាម័យផងដែរ។

លោកបន្ថែមថា សកម្មភាពដែលរដ្ឋបាលក្រុង សម្អាតបរិស្ថានបែបនេះ គឺមានជាញឹកញាប់មកហើយ ព្រោះវាជាសារ និងជាគំរូមួយដែលដាស់តឿន និងក្រើនរំឮកឲ្យប្រជាពលរដ្ឋ ទាំងអស់ស្អប់សំរាម និងងាកមកស្រឡាញ់បរិស្ថាន អនាម័យ ស្អាតក្នុងការរស់នៅប្រចាំថ្ងៃវិញ ហើយនេះក៏ជាស្មារតីឲ្យប្រជាពលរដ្ឋយល់ដែរថា «បរិស្ថានស្អាត គឺផ្តើមចេញពីខ្លួនឯងម្នាក់ៗ» ក្នុងនោះការថែរក្សានូវអនាម័យរៀងៗខ្លួន មិនថានៅផ្ទះ នៅភោជនីយដ្ឋាន ឬនៅតាមទីសាធារណៈ គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ដែលជាតម្រូវការស្នូលមួយក្នុងសង្គមកម្ពុជា និងសូមឲ្យប្រជាពលរដ្ឋជួយថែរក្សានូវអនាម័យ តាមរយៈការទុកដាក់សំរាមនៅក្នុងធុងសំរាម៕