(ស្វាយរៀង)៖ លោក ពេជ សោភ័ន រដ្ឋលេខាធិការប្រចាំការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាកត្តាមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងជំរុញឲ្យអ្នកសិក្សាទទួលបាននូវចំណេះដឹងសមត្ថភាព ជំនាញ ឥរិយាបថការងារ សីលធម៌វិជ្ជាជីវៈ និងមានលក្ខណៈប្រកួតប្រជែង ដើម្បីក្លាយខ្លួនជាពលករជំនាញ អ្នកបច្ចេកទេស ព្រមទាំងរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។

ការថ្លែងបែបនេះនៅក្នុងឱកាសដែលលោកអញ្ជើញ ចូលរួមសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែន ស្វាយរៀង នាព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ ដែលមានចូលរួមពីលោក មុត ចិន្តា ប្រធានវិទ្យាស្ថាន និងលោក ហាស់ ប៊ុនធី ប្រធានមន្ទីរការងារ និងលោកគ្រូ អ្នកគ្រូ និងអ្នកដែលពាក់ព័ន្ធជាច្រើននាក់ផងដែរ។

លោក ពេជ សោភ័ន បានបន្តទៀតថា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ របស់រាជរដ្ឋាភិបាលកម្ពុជា បាននាំនូវស្ថេរភាពនយោបាយ និងសន្តិភាពទាំងស្រុង នៅទូទាំងប្រទេសដែល ជាកត្តាមូលដ្ឋាន ធ្វើឲ្យវិនិយោគទាំងក្នុង និងក្រៅប្រទេស មានភាពជឿជាក់ក្នុងការដាក់ទុនវិនិយោគនៅកម្ពុជា ជាពិសេសធ្វើឲ្យសេដ្ឋកិច្ចកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងបង្កើតឱកាសការងារជាច្រើន ជូនប្រជាពលរដ្ឋទៀតផង។

លោកបានបញ្ជាក់ថា យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផលិតផលក្នុងស្រុកសរុប (GDP) មានការកើនឡើងទ្វេដង ក្នុងរយៈពេល១០ឆ្នាំ (១៩៩៤-២០០៤) និងកើនឡើង៣ដង ក្នុងរយៈពេល ១៥ឆ្នាំ (១៩៩៤-២០០៩) ហើយនៅឆ្នាំ២០១២ កំណើនសេដ្ឋកិច្ចបានកើនឡើង រហូតដល់៧.៣% ជាមួយនឹងផលិតផលក្នុងស្រុក សរុបសម្រាប់មនុស្សម្នាក់ កើនឡើងពី៧៦០ដុល្លារ នៅឆ្នាំ២០០៨ ដល់១,៥៦៣ដុល្លារ នៅឆ្នាំំ២០១៨។

លោក ពេជ សោភ័ន បានផ្តាំផ្ញើដល់គណៈគ្រប់គ្រង បុគ្គលិក មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវបំពេញតួនាទី ជាថ្នាក់ដឹកនាំ មិនមែនអ្នកគ្រប់គ្រង ត្រូវតែជាអ្នកណែនាំជាអ្នកការពារ និងទទួលខុសត្រូវ មិនមែនចាំតែបញ្ជារចង្អុលនោះទេ។ មួយវិញទៀត មិនត្រូវធ្វើការដោយមើលលើប្រយោជន៍បុគ្គល ឬគ្រួសារបក្សពួកនោះទេ ត្រូវសម្លឹងពីឱកាស និងមានការរៀបចំចក្ខុវិស័យ បេសកម្មនិងយុទ្ធសាស្ត្រ ឲ្យបានត្រឹមត្រូវក្នុងការពង្រឹង និងអភិវឌ្ឍអង្គភាពរបស់ខ្លួន។ ក្នុងនោះត្រូវធ្វើការជាក្រុមការងារ មិនមែនជាការងារបុគ្គល ត្រូវមានការសហការ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ សំដៅបង្កើនប្រសិទ្ធភាពការងារឲ្យបានទាន់ពេល។

លោកបន្តទៀតថា ត្រូវមានតម្លាភាព លើការអនុវត្តការងារ ដោយមានការវាយតម្លៃជាប្រចាំ ទាំងថ្នាក់ដឹកនាំនិងបុគ្គលិក។ ហើយត្រូវយកចិត្តទុកដាក់ ក្នុងការផ្តល់សេវាបណ្តុះបណ្តាលឲ្យបានល្អ និងមាន គុណភាពប្រកប ដោយវិជ្ជាជីវៈខ្ពស់ ដែលនិងនាំមកនូវកិត្តិយសកេរ្តិ៍ឈ្មោះ របស់វិទ្យាស្ថាន និងត្រូវខិតខំអនុវត្តឲ្យបានម៉ឺងម៉ាត់ នូវរាល់បទបញ្ជា និងគោលការណ៍ទាំងឡាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង និងសាលាខេត្តស្វាយរៀង៕