(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះ បានទទួលជួបលោក ជិន ង៉ុកធួក ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធកៅស៊ូវៀតណាម VRG និងសហការី ដែលជាតំណាងក្រុមហ៊ុនវិនិយោគដំណាំកៅស៊ូ នៅប្រទេសកម្ពុជា។ ជំនួបនេះ បានរៀបចំធ្វើឡើង នៅទីស្តីការក្រសួងកសិកម្ម។

ក្នុងឱកាសនោះ លោក ជិន ង៉ុកធួក បានថ្លែងអំណរគុណ ចំពោះពេលវេលាដ៏មានតម្លៃរបស់លោករដ្ឋមន្ត្រី អនុញ្ញាតឲ្យសម្ព័ន្ធកៅស៊ូវៀតណាម ចូលជួបសម្តែងការគួរសម និងបានរាយការណ៍ ជូនលោករដ្ឋមន្ត្រីជ្រាប អំពីការងារដាំដុះ និងការប្រមូលផលជ័រ ដែលសម្ព័ន្ធកៅស៊ូសម្រេចជៀជ័របានជាង ៥០ភាគរយ លើផ្ទៃដីដាំដុះសរុប។

ក្រៅពីការងារផលិតកម្ម លោកក៏បានជម្រាបជូន លោករដ្ឋមន្ត្រី ជ្រាបផងដែរ អំពីផែនការផលិតកម្ម ការសាងសង់រោងចក្រកែច្នៃជ័រនៅជនបទ និងការកសាងហេដ្ឋា រចនាសម្ព័ន្ធសំខាន់ៗ ដែលសមិទ្ធផលទាំងអស់នោះ វាបាននិងកំពុងបំពេញតួនាទីយ៉ាងសំខាន់ ក្នុងការលើកស្ទួយកម្រិតជីវភាពរបស់បុគ្គលិក កម្មករ និងប្រជាពលរដ្ឋ ដែលរស់នៅជិតតំបន់វិនិយោគ និងជាពិសេស ជួយលើកតម្កើងមុខមាត់​កម្ពុជា លើឆាកអន្តរជាតិតាមរយៈ ការនាំចេញផលិតផលជ័រដែលផលិតនៅកម្ពុជា។

លោកបានបន្តទៀតថា សមិទ្ធផលដែល សម្ព័ន្ធកៅស៊ូសម្រេចបាននេះ គឺបានមកពីការជួយគាំទ្រ លើកទឹកចិត្ត និងផ្តល់កិច្ចសហប្រតិបត្តិការ បានយ៉ាងល្អប្រសើរពីសំណាក់មន្រ្តីជំនាញ អគ្គនាយកដ្ឋានកៅស៊ូកម្ពុជា និងឯកឧត្តមថ្នាក់ ដឹកនាំទទួលបន្ទុកកៅស៊ូ និងជាពិសេស លោករដ្ឋមន្ត្រីផ្ទាល់នាពេលកន្លងមក។

លោកប្រធាន បានបញ្ជាក់ជូនថា ក្នុងនាមឲ្យសម្ព័ន្ធកៅស៊ូ និងតំណាងក្រុមហ៊ុនវិនិយោគទាំងអស់ នឹងបន្ត​អនុវត្តផែនការសកម្មភាព ឲ្យបានពេញលេញតាមអ្វីដែលសម្ព័ន្ធ បានឯកភាពជាមួយក្រសួង និងជាពិសេស អនុវត្តឲ្យបានត្រឹមត្រូវតាមគោលការណ៍ច្បាប់ និងបច្ចេកទេសរបស់​កម្ពុជា ដើម្បីឈានទៅសម្រេចឲ្យបានជោគជ័យ នៃការអភិវឌ្ឍដំណាំកៅស៊ូនៅកម្ពុជា នាពេលអនាគត។

នាឱកាសនេះ ក្នុងនាមក្រសួង លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ដែលសម្ព័ន្ធកៅស៊ូវៀតណាមសម្រេចបាន ពិសេសបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ ជាមួយក្រសួង អគ្គនាយកដ្ឋានកៅស៊ូ ក៏ដូចជាមួយអាជ្ញាធរដែនដី ក្នុងរយៈពេលកន្លងមក។ ក្រៅពីនេះ សម្ព័ន្ធកៅស៊ូ បានអនុវត្តតាមផែនការមេក្នុងការដាំដុះ ការបំពេញបានតាមនីតិវិធីរដ្ឋបាល​ច្បាប់ និងបច្ចេកទេសដែលបានឯកភាព ជាមួយក្រសួង និងបានចូលរួមយ៉ាងសកម្ម ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ ដែលបានបង្កលក្ខណៈយ៉ាងល្អប្រសើរ សម្រាប់ជីវភាពរស់នៅរបស់បុគ្គលិក កម្មកររបស់ក្រុមហ៊ុន។

លោករដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះឆន្ទៈ បន្តធ្វើការវិនិយោគរបស់សម្ព័ន្ធកៅស៊ូ បើទោះបីស្ថិតក្នុងស្ថានភាពទីផ្សារជ័រ មិនអំណោយផលផ្នែកតម្លៃក៏ពិត តែសម្ព័ន្ធនៅតែបន្តអនុវត្ត គម្រោងវិនិយោគរហូតប្រមូលផល បានជាង៥០ភាគរយ ដែលសកម្មភាពគឺពិតជាឆ្លើយតប បានត្រឹមត្រូវតាមអនុសាសន៍​របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការដាំដុះ គ្រប់គ្រង និងជារួមបន្តអភិវឌ្ឍន៍ដំណាំកៅស៊ូកម្ពុជា ប្រកបដោយចីរភាព និងនិរន្តរភាព។
មិនត្រឹមតែប៉ុណ្ណោះ សម្ព័ន្ធកៅស៊ូបានយកចិត្តទុកដាក់ ទទួលខុសត្រូវលើកាតព្វកិច្ចបង់ពន្ធ ជូនរដ្ឋបានទាន់ពេលវេលាទៀតផង។

លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនភ្ញៀវថា ក្រសួង​ដែលមានអគ្គនាយកដ្ឋានកៅស៊ូ ជាសេនាធិការ នឹងរួមសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ពិសេសអាជ្ញាធរដែនដី ដើម្បីចាត់វិធានការលុបបំបាត់ បញ្ហាអនាធិបតេយ្យផ្សេងៗ ដែលកើតឡើងជាយថាហេតុជាបន្ទាន់។ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា ក្នុងពេលអនាគតដ៏ខ្លី លោកនឹងដឹកនាំក្រុមការងារ ចុះពិនិត្យវឌ្ឍនភាពរបស់ក្រុមហ៊ុន នៅតាមបណ្តាខេត្តគោលដៅវិនិយោគ៕