(ព្រះវិហារ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា តំណាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញចូលរួមប្រកាសចូលកាន់តំណែងប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដោយលោក ប្រាក់ សុវណ្ណ ជំនួស លោក អ៊ុន ចាន់ដា ត្រូវផ្ទេរភារកិច្ចជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ចាមវិញ។

នៅក្នុងពិធីនោះដែរ ក៏មានការអញ្ចើញចូលរួមពីលោក មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តព្រះវិហារ ព្រមទាំងអនុប្រធានក្រុមការងារថ្នាក់កណ្តាល ថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ-សង្កាត់ ជាច្រើនរូបទៀត។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា ការតែងតាំង ការតម្លើងឋានៈ តួនាទីនេះ ការផ្ទេរភារកិច្ច ឫសម្រួលភារកិច្ចរបស់មន្ត្រីគណបក្សនៅគ្រប់ថ្នាក់គ្រប់ផ្នែក គឺជាការងារដែលគណបក្ស តែងតែបានធ្វើជាបន្តបន្ទាប់ ដើម្បីឆ្លើយតបទៅនិងសំណូមពរនៃការដឹកនាំរបស់គណបក្ស និងដើម្បីឲ្យស្របតាមសភាពការជាក់ស្តែងក្នុងដំណាក់កាលនីមួយៗ។

សម្តេច សាយ ឈុំ បានសម្តែងការកោតសរសើរដល់លោក អ៊ុន ចាន់ដា អតីតប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលបានដឹកនាំគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារទទួលបានការជឿទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ រហូតទទួលបានជោកជ័យ យ៉ាងត្រចះត្រចង់គ្រប់ការបោះឆ្នោត។

សម្តេចបានមានប្រសាសន៍ទៀតថា «ការផ្ទេរភារកិច្ចនៅពេលនេះ ស្របពេលដែលគណបក្សប្រជាជនកម្ពុជាយើង មានអាយុ ៦៨ឆ្នាំ ឈានចូល៦៩ឆ្នាំ»។

ជាមួយគ្នានោះ សម្តេចបានជំរុញឲ្យលោក ប្រាក់ សុវណ្ណ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារ ដែលតែងតាំងនៅថ្ងៃនេះ ត្រូវខិតខំបំពេញភារកិច្ច និងសហការជាមួយមន្ត្រី គណបក្សគ្រប់លំដាប់ថ្នាក់របស់ខេត្ត ត្រូវអនុវត្តតួនាទីភារកិច្ច ដែលគណបក្សប្រគល់ជូនឲ្យទទួលជោគជ័យ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសកាន់តែមាន ការអភិវឌ្ឍន៍រីចំរើនតទៅទៀត៕