(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានឲ្យដឹងថា លោកមានគម្រោងបង្វែររថយន្តដឹកកុងតឺន័រ ឲ្យទៅតាមផ្លូវស្ទឹងហាវវិញ និងបញ្ហាមួយទៀតគឺចង់សិក្សាផ្លូវមួយខ្សែចេញពី ព្រលានយន្តហោះអន្តរជាតិខេត្តព្រះសីហនុ រាម កាត់តាមអូរត្រេះមក ក្រុងព្រះសីហនុ ដើម្បីជួយសម្រួល កាត់បន្ថយការកកស្ទះចរាចរណ៍ពីផ្លូវជាតិលេខ៤។

ការព្រលយឲ្យដឹងនេះបានធ្វើឡើងកាលពីរសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ខណៈលោកអភិបាលខេត្ត បានអនុញ្ញាតឲ្យសភាពាណិជ្ជកម្មខេត្តព្រះសីហនុ ចូលជួបសម្ដែងការគួរសម នៅសាលាខេត្តព្រះសីហនុ។

នៅក្នុងជំនួបនោះ លោក គួច ចំរើន បានគូសបញ្ជាក់លថា ការផ្លាស់ប្តូរចូលកាន់តំណែងអភិបាលខេត្តព្រះសីហនុនាពេលនេះ ជាបន្ទុកមួយដោយសារតែបច្ចុប្បន្ន ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ និងបរិស្ថានកំពុងប្រឈមទាមទារដោះស្រាយបន្ទាន់។

លោកថា «ជំហានដំបូងសិក្សាប្រព័ន្ធលូទឹកភ្លៀង និងលូទឹកស្អុយហើយ បានឱ្យក្រុមការងារបច្ចេកទេសសិក្សាពីប្រពន្ធលូទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់មានដូចជា៖ ទី១-ប្រវែងលូ, ទី២- តម្លៃនៃការសាងសង់, ទី៣-ប្រើរយៈពេល នៃការសាងសង់ និងទី៤-ការវិនិយោគប្រពន្ធលូទឹកកខ្វក់ និងលូរទឹកភ្លៀង។

ទន្ទឹមនោះអភិបាលខេត្តថ្មីរួបនេះ ក៏បានលើកឡើងពីបញ្ហាខ្សាច់សមុទ្រ និងខ្សាច់នៅខេត្តកំពង់ស្ពឺផងដែរ ដោយលោកអះអាងថា «បញ្ហាខ្សាច់សមុទ្រយក មកលាយជាមួយខ្សាច់កំពង់ស្ពឺ ក៏ជាបញ្ហាប្រឈមដល់ការដ្ឋានសំណង់នានា ក្នុងក្រុងព្រះសីហនុ តម្រូវឱ្យក្រុមការងារសិក្សា ផលប៉ះពាល់ដល់ការដ្ឋានសំណង់នានាក្នុងក្រុងព្រះសីហនុ»

កាលពីម្សិលមិញលោក គួច ចំរើន បានចុះពិនិត្យឆ្នេរឯករាជ្យ និងជួបសំណេះសំណាលជាមួយភ្ញៀវទេសចរ ដែល​មកកម្សាន្ដ​ប្រកប​ដោយភាព​ស្និតស្នាល និងកក់ក្ដៅ។

ថ្លែងក្នុងឱកាសនោះ លោក គួច ចំរើន បាន ពិភាក្សាថា នឹងរៀបចំកែលម្អសួន កន្លែងដើរថ្មើរជើង និងមានអ្នក​សំអាតសួ​នឆ្នេរ​ជាប្រចាំ ធានាភាពស្រស់​ស្អាតរបស់ឆ្នេរ ពិសេស​ការចូលរួ​ម​លើកកម្ពស់ និងថែរក្សា​បរិស្ថានឆ្នេរកាន់​តែមាន​សោភណ្ឌ័ភាព ដើម្បីទាក់​ទាញភ្ញៀវទេស​ចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ដ៕