(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រើវិធានការក្ដៅ ដើម្បីដឹកនាំកម្លាំងចម្រុះចុះធ្វើ រដ្ឋបាលជាលក្ខណៈទ្រង់ទ្រាយធំ ក្នុងការបង្កាទប់ស្កាត់ រក្សាសន្តិសុខ និងសុវត្ថិភាពតាមមូលដ្ឋានសង្កាត់ទាំង៧ ហើយជាបឋមឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ដែលអាចជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់បានចំនួន១៨នាក់ (ស្រី៣នាក់) ដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន។

ក្នុងប្រតិបត្តិការរបស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ បានធ្វើឡើងក្រោមការចូលរួមពីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ និងប្រធាន អនុប្រធានការិយាល័ជំនាញចំណុះរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ នាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រីកងកម្លាំងដែលពាក់ព័ន្ធសរុបប្រមាណជា១០០នាក់ នៅយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩។

ដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពតាមមូលដ្ឋានសង្កាត់ទាំង៧ នៅយប់មិញនេះ បើតាមការបញ្ជាក់ពីលោក ជា ពិសី គឺបានអនុវត្តឡើងយោងតាមស្មារតីក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍ ហើយជាបឋមនៅក្នុងកិច្ចសហការនេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ បានសម្រេចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដែលអាចជាប់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ចំនួន១៨នាក់ (ស្រី៣នាក់) ដកហូតមធ្យោបាយធ្វើសកម្មភាពមាន ម៉ូតូ និងកង់៤គ្រឿង ដែក និងកាំបិត០៣ដើម និងថ្នាំញៀន ចំនួន៧កញ្ចប់ ជាមួយឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

លោក ជា ពិសី បានបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលក្នុងការបង្កាទប់ស្កាត់ រក្សាសន្តិសុខ និងសុវត្ថិភាពតាមមូលដ្ឋានសង្កាត់ទាំង៧នេះ រួមមាន៖ សង្កាត់ស្វាយប៉ាក ឃាត់ខ្លួន០២នាក់ ស្រីម្នាក់ ម៉ូតូ០២គ្រឿង, សង្កាត់ច្រាំងចំរេះទី១ ឃាត់ខ្លួនម្នាក់, សង្កាត់ច្រាំងចំរេះទី២ ឃាត់ខ្លួនម្នាក់ ម៉ូតូ០១គ្រឿង, សង្កាត់គីឡូម៉ែត្រលេខ៦ ឃាត់ខ្លួនម្នាក់ គ្រឿងញៀនពណ៌សថ្លា ០៤កញ្ចប់តូច កង់០១គ្រឿង កំបិត០១ ដែកកេស០១ និងសង្កាត់ទួលសង្កែ១ ឃាត់ខ្លួន១៣នាក់ ស្រី០២នាក់ គ្រឿងញៀនពណ៌សថ្លា ០៣កញ្ចប់តូច កាំបិត០២ដើម ឧបករណ៍សម្រាប់ជក់ថ្នាំមួយចំនួន។ រីឯសង្កាត់ឫស្សីកែវ និងសង្កាត់ទួលសង្កែ២ ពុំមានអ្វីគួរឲ្យកត់សម្គាល់៕