(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩នេះ អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ប៉ាង លីដា បានដឹកនាំមន្រ្តី និងប្រធានការិយាល័យបរិស្ថានខណ្ឌ ចុះទៅណែនាំ និងឲ្យម្ចាស់ឃ្លាំង ស្តុកអេតចាយដ៏ធំ នៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវកាយយកអេតចាយចេញពីផ្លូវបេតុងឲ្យអស់ ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់។

ចំណាត់ការភ្លាមៗរបស់អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ក្រោមការបញ្ជារបស់លោក ហែម ដារិទ្ធ នេះបានកើតឡើង ក្រោយពេលដែលប្រជាពលរដ្ឋបានទទូចដល់អាជ្ញាធរ ជួយមើលផ្លូវបេតុងមួយ ខ្សែនេះផង ដោយសារតែម្ចាស់ឃ្លាំងអេតចាយ បានយកអេតចាយរបស់ខ្លួនដាក់ពេញផ្លូវ ពិបាកធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ។

នៅចំពោះមុខអាជ្ញាធរ និងប្រធានការិយាល័យបរិស្ថាន ម្ចាស់ឃ្លាំងអេតចាយ បានសន្យាថា នឹងប្រើពេល៣ថ្ងៃ ដើម្បីកាយអេតចាយចេញឲ្យអស់ពីផ្លូវ។

លោក ប៉ាង លីដា បានថ្លែងថា «យើងទុករយៈពេល៣ថ្ងៃ ឲ្យគាត់រើចេញឲ្យអស់ពីចិញ្ចើមផ្លូវ ដោយមាន២ទីតាំង មួយទៀតនៅមុខអង្គតាមិញ»

កាលពីម្សិលមិញ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរសង្កាត់ចោមចៅ១ ឬអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយក្រឡេកមើល និងមានវិធានការចំពោះឃ្លាំងអេតចាយមួយកន្លែងផងផងព្រោះ បានយកផ្លូវបេតុងដាក់ស្តុកគរបាវអេតចាយរបស់ខ្លួន រកតែផ្លូវធ្វើដំណើរលែងចង់កើតទៅហើយ។

ម្យ៉ាងទៀត ផ្លូវបេតុងក៏កំពុងរងទម្ងន់រថយន្តធំៗ ដឹកអេតចាយយ៉ាងសំពីងសំពោង គ្មានសណ្ដាប់ធ្នាប់ថែមទៀតផង ហើយផ្លូវនោះនឹងឈានទៅរកការខូចខាតនាពេលខាងមុខមិនខានឡើយ។

ពលរដ្ឋថា ម្ចាស់ឃ្លាំងបានយកផ្លូវបេតុងមួយនេះ ធ្វើជាកន្លែងស្តុកបាវអេតចាយរបស់ខ្លួន ស្ទើរតែធ្វើដងផ្លូវនោះទាំងមូល ធ្វើដំណើរលែងចង់កើត និងស្ទើរតែត្រូវបិទចរាចរទាំងស្រុងទៅហើយ។

ពួកគាត់ពិតជាមានការទើសចិត្តខ្លាំងណាស់ ប៉ុន្តែម្នាក់ៗមិនហ៊ានចេញមុខនិយាយស្ដីអ្វីទេ បានត្រឹមតែបៀមនូវការក្ដៅក្រហាយទុកនៅក្នុងចិត្តរាល់ថ្ងៃ មិនតែប៉ុណ្ណោះបានរង់ចាំមើល អាជ្ញាធរសង្កាត់ចោមចៅ១ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មានចំណាត់ការ។ ប៉ុន្តែពី១ថ្ងៃទៅ១ថ្ងៃ ពី១ខែទៅ១ខែ និងពី១ឆ្នាំទៅ១ឆ្នាំ នៅតែមិនឃើញមានអាជ្ញាធរ ទៅចាត់ការទាល់តែសោះ៕