(ស្វាយរៀង)៖ មេបញ្ជាការរងកងរាជអាវុធហត្ថស្រុកចន្ទ្រាម្នាក់ ខណៈដែលកំពុងជិះម៉ូតូសុខៗ ស្រាប់តែឆ្កែរត់កាត់បុកពេញទំហឹង បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍ដ៏សោកស្តាយនេះ បានកើតឡើងកាលពីវេលាម៉ោង១៤និង៥០នាទីរសៀល ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ ១៤២/១៤៣ ក្នុងភូមិដើមពោធិ ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៌ ខេត្តស្វាយរៀង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុការណ៍នេះឡើង គេឃើញមានបុរសម្នាក់ ជិះម៉ូតូពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានសត្វឆ្កែ រត់កាត់ផ្លូវ បុកជាមួយម៉ូតូពេញទំហឹង បណ្តាលឲ្យបុរស ជាអ្នកបើកបរដួលបោកក្បាល នឹងថ្នល់ប្រកាច់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។

សមត្ថកិច្ចនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ គង់ ឆែល ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរកងរាជអាវុធហត្ថ មានឋានៈជាមេបញ្ជាការរង រស់នៅភូមិពោធិ ឃុំមេសថ្ងក ស្រុកចន្ទ្រា។ ជនរងគ្រោះ បើកបរម៉ូតូម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង ១H ៦៦៧០ បានគ្រោះថ្នាក់ចរាចរណ៍បុកឆ្កែដួលស្លាប់ នៅកន្លែងកើតហេតុ ចំណែកម៉ូតូខូចខាតស្រាល។ រីឯសាកសព បានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។

ប្រភពបានឲ្យដឹងទៀតថា ជនរងគ្រោះបានឡើងមកប្រជុំនៅខេត្ត ខណៈដែលត្រឡប់ទៅស្រុកវិញ ក៏ជួបគ្រោះចរាចរណ៍ស្លាប់បាត់បង់ជីវិតតែម្តង។ ចំពោះមធ្យោបាយធ្វើដំណើរ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្វាយទាប៕