(រតនគិរី)៖ កម្លាំងជំនាញកាលពីវេលាម៉ោង១៥៖៣០នាទីថ្ងៃទី០១ ខែកក្កដាម្សិលមិញ បានចុះបង្ក្រាបជាក់ស្តែង ករណីប្រើប្រាស់សារធាតុញៀន នៅចំណុចផ្ទះជួលរបស់ជនសង្ស័យ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ដោយបានឃាត់ខ្លួនជនសង្ស័យ ៤មុខសញ្ញា។

ប្រតិបត្តិការនេះធ្វើឡើង ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនការងារ ប្រឆាំងគ្រឿងញៀន ព្រមទាំងមានការសម្របសម្រួលពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី

លោកឧត្តមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩នេះថា ជនសង្ស័យទាំង៤នាក់ រួមមាន៖ ទី១៖ ឈ្មោះ ឡេន សូលីន អាយុ២៩ឆ្នាំ, ទី២៖ ឈ្មោះ ព្រីង គីមហុង អាយុ២៤ឆ្នាំ ជនជាតិខ្មែរ, ទី៣៖ ឈ្មោះ វាំង ច័ន្ទសុវណ្ណ អាយុ១៩ឆ្នាំ និងទី៤៖ ឈ្មោះ ជុន ភារុណ អាយុ២៩ឆ្នាំ (អ្នកទាំង៤មានទីលំនៅ និងមុខរបរមិនពិតប្រាកដ)។

លោកស្នងការរងប្រាប់បន្តថា ក្រោយឃាត់ខ្លួន កម្លាំងជំនាញបានឆែកឆេរ រកឃើញម្សៅក្រាមព៌ណសថ្លា ចំនួន៣កញ្ចប់ ទម្ងន់៤.៤៨ក្រាម (ទាំងសំបកថង់) សង្ស័យសារធាតុញៀន, ទូរស័ព្ទ១គ្រឿង, ម៉ូតូ២គ្រឿង, ដាវសាំរ៉ៃ១ដើម និងសម្ភារសេពថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ និងរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរី ចាត់ចែងតាមនីតិវិធី។

គួរបញ្ជាក់ផងដែរថា មួយរយៈកន្លងមកនេះ ទោះបីសមត្ថកិច្ចជំនាញ ខិតខំបង្ក្រាបករណីចែកចាយ និងប្រើប្រាស់នូវសារធាតុញៀន បានច្រើនករណីក៏ដោយ ប៉ុន្តែសកម្មភាពហាក់បីដូច មិនទាន់ថមថយនៅឡើយទេ ពោលគឺរាលដាលដល់ជនបទព្រៃភ្នំ ដាច់ស្រយាលដែលសំបូរដោយបងប្អូន ជនជាតិរស់នៅ គឺពួកគាត់មួយចំនួនញៀនថ្នាំតាមរយៈធ្វើតេស្តិ៍ ទឹកនោមវិជ្ជមាន(+)៕