(ភ្នំពេញ)៖ ចាប់ពីថ្ងៃទី១-២ ខែកក្កដា ឆ្នាំ២០១៩ សាលា ប៊ែលធី អន្តរជាតិ បានរៀបចំដំណើរទស្សនកិច្ចសិក្សា ជូនដល់សិស្សានុសិស្សថ្នាក់ទី៨ ទាំង២០សាខា សរុបចំនួន ២,២៨២នាក់ ទៅកាន់មជ្ឈមណ្ឌល ប្រល័យពូជសាសន៍ជើងឯកដែលជាកន្លែង ពួកប៉ុលពត បញ្ជូនប្រជាជនស្លូតត្រង់ ពីគុកទួលស្លែង ទៅសម្លាប់ចោល នៅតំបន់ជើងឯក ដោយចោទថាជាអ្នកទោស។

លោក ប៊ុត ឌីម៉ង់ ប្រធានការិយាល័យចំណេះទូទៅ នៃសាលាប៊ែលធីអន្តរជាតិ បានឲ្យដឹងថា ដំណើរទស្សនកិច្ចសិក្សានេះ រៀបចំឡើង ក្នុងគោលបំណងបណ្ដុះស្មារតីសិស្សានុសិស្ស ដែលជាយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះស្រឡាញ់ជាតិ មាតុភូមិ ស្រឡាញ់សន្តិភាព និងចេះសាមគ្គីគ្នាជាធ្លុងមួយ នៅគ្រប់កាលៈទេសៈ ជាពិសេសស្គាល់ច្បាស់ ពីប្រវត្តិសាស្ត្រដ៏ជូរចត់ ដែលបានកើតឡើង ចំពោះប្រជាជនកម្ពុជា នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជាសម័យមួយដ៏ខ្មៅងងឹត បានកាប់សម្លាប់ប្រជាជន និងធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ បំផ្លាញខ្ទេចខ្ទីអស់នូវហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស និងបានធ្វើឱ្យប្រជាជនស្លាប់ ដោយការអត់ឃ្លានអស់រាប់លាននាក់ ក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

លោកបានបន្តថា កម្មវិធីទស្សនកិច្ចសិក្សានេះ គឺជាផ្នែកមួយនៃកម្មវិធីសិក្សាបន្ថែមទី៣ ក្នុងចំណោមកម្មវិធីសិក្សាបន្ថែមធំៗទាំង៨របស់សាលា ប៊ែលធី អន្តរជាតិក្នុងនោះមាន៖

*ទី១៖ កម្មវិធីបង្កើនចំណេះដឹងទូទៅ
*ទី២៖ កម្មវិធីពង្រឹងស្មារតី
*ទី៣៖ កម្មវិធីទស្សនកិច្ចសិក្សា
*ទី៤៖ កម្មវិធីសិក្សាតាមទូរទស្សន៍
*ទី៥៖ កម្មវិធីប្រឡងសំណេរ
*ទី៦៖ កម្មវិធីប្រកួតប្រជែងគណិតវិទ្យា
*ទី៧៖ កម្មវិធីប្រកួតប្រជែងទេព្យកោសល្យ
*ទី៨៖ កម្មវិធីកីឡា។

បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចសិក្សា សិស្សានុសិស្សទាំងអស់ ត្រូវសរសេររបាយការណ៍ (Writing Report) ស្តីពីអ្វីដែលខ្លួនបានឃើញ បានចាប់អារម្មណ៍ និងបានសិក្សា ដោយក្នុងនោះសិស្សថ្នាក់ចំណេះទូទៅ ត្រូវសរសេរជាភាសាខ្មែរ និងសិស្សថ្នាក់ភាសាអង់គ្លេសទូទៅ ត្រូវសរសេរជាភាសាអង់គ្លេស៕