(ភ្នំពេញ)៖ ប្រជាពលរដ្ឋបានស្នើសុំឲ្យអាជ្ញាធរសង្កាត់ចោមចៅ១ ឬអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ជួយក្រឡេកមើល និងមានវិធានការចំពោះឃ្លាំងអេតចាយមួយកន្លែងផងផងព្រោះ បានយកផ្លូវបេតុងដាក់ស្តុកគរបាវអេតចាយរបស់ខ្លួន រកតែផ្លូវធ្វើដំណើរលែងចង់កើតទៅហើយ។

ម្យ៉ាងទៀត ផ្លូវបេតុងក៏កំពុងរងទម្ងន់រថយន្តធំៗ ដឹកអេតចាយយ៉ាងសំពីងសំពោង គ្មានសណ្ដាប់ធ្នាប់ថែមទៀតផង ហើយផ្លូវនោះនឹងឈានទៅរកការខូចខាតនាពេលខាងមុខមិនខានឡើយ។

ជួបជាមួយភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩នេះ ប្រជាពលរដ្ឋ បានឲ្យដឹងទៀតថា ឃ្លាំងអេតចាយនេះមានទីតាំងស្ថិតនៅតាមផ្លូវបេតុងភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

ពលរដ្ឋថា ម្ចាស់ឃ្លាំងបានយកផ្លូវបេតុងមួយនេះ ធ្វើជាកន្លែងស្តុកបាវអេតចាយរបស់ខ្លួន ស្ទើរតែធ្វើដងផ្លូវនោះទាំងមូល ធ្វើដំណើរលែងចង់កើត និងស្ទើរតែត្រូវបិទចរាចរទាំងស្រុងទៅហើយ។

ពួកគាត់ពិតជាមានការទើសចិត្តខ្លាំងណាស់ ប៉ុន្តែម្នាក់ៗមិនហ៊ានចេញមុខនិយាយស្ដីអ្វីទេ បានត្រឹមតែបៀមនូវការក្ដៅក្រហាយទុកនៅក្នុងចិត្តរាល់ថ្ងៃ មិនតែប៉ុណ្ណោះបានរង់ចាំមើល អាជ្ញាធរសង្កាត់ចោមចៅ១ និងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ មានចំណាត់ការ។ ប៉ុន្តែពី១ថ្ងៃទៅ១ថ្ងៃ ពី១ខែទៅ១ខែ និងពី១ឆ្នាំទៅ១ឆ្នាំ នៅតែមិនឃើញមានអាជ្ញាធរ ទៅចាត់ការទាល់តែសោះ៕