(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ នឹងឡើងថ្លែងសុន្ទរកថាគន្លឹះមួយស្តីពីវឌ្ឍនភាពសិទ្ធិមនុស្សនៅកម្ពុជា នៅចំពោះមុខមន្ត្រីសិទ្ធិមនុស្សក្នុងការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនាទីក្រុងហ្សឺណែវ ប្រទេសស្វីស។ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា សម្តេចនឹងនិយាយគ្នាឱ្យបានច្បាស់លើបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

ក្រោយពីគណបក្សប្រឆាំងនៅកម្ពុជាត្រូវបានរំលាយចោល និងអ្នកនយោបាយមួយចំនួនត្រូវបានហាមឃាត់សិទ្ធិធ្វើនយោបាយក្រោមការចោទប្រកាន់ថាបានប្រព្រឹត្តិទង្វើក្បង់ជាតិកាលពីឆ្នាំ២០១៧ មន្ត្រីសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បណ្តាប្រទេសមួយចំនួននៅអឺរ៉ុប ក៏ដូចជាអាមេរិកផងដែរ បានលើកឡើងថាបញ្ហាសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជាកំពុងមានឱនភាព។ ទាំងមន្ត្រីសិទ្ធិមនុស្សនៃអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងបណ្តាប្រទេសនៅអឺរ៉ុប និងសហរដ្ឋអាមេរិក តែងតែទាបទារឱ្យរាជរដ្ឋាភិបាលកម្ពុជាលើកកម្ពស់កម្រិតនៃការគោរពសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពនៃការបញ្ចេញមតិនេះឡើងវិញ។

ក្រោមការចោទថាកម្ពុជាមានឱនភាពលើការគោរពលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនេះហើយ ធ្វើឱ្យសហគមន៍អឺរ៉ុបសម្រេចដំណើរការនីតិវិធីព្យួរប្រព័ន្ធអនុគ្រោះពន្ធលើទំនិញរបស់កម្ពុជាថែមទៀតផង។

ក្នុងឱកាសអញ្ជើញផ្ទេរការគ្រប់គ្រងសាលាកុមារពិការភ្នែក និងគ ថ្លង់របស់អង្គការគ្រួសារថ្មីឱ្យស្ថិតក្រោមក្រសួងអប់រំ យុវជន និងកីឡានាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្រតិកម្មយ៉ាងខ្លាំងចំពោះការដាក់ពិន្ទុឱ្យកម្ពុជាធ្លាក់ចុះលើការគោរពសិទ្ធិមនុស្សនេះ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានទទូចឱ្យក្រុមអ្នកដាក់ចំណាត់ថ្នាក់សិទ្ធិមនុស្សនៅកម្ពុជានេះ ក្រឡេកទៅមើលស្ថានភាពកម្ពុជាកាលពី ៤០ឆ្នាំមុន និង៤០ឆ្នាំក្រោយ តើមានស្ថានភាពខុសគ្នាបែបណា? សម្តេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា សិទ្ធិមនុស្សត្រូវនិយាយពីសិទ្ធិរស់រៀនមានជីវិត បើមិនមានជីវិតមិនអាចនិយាយដល់សិទ្ធិបាននោះឡើយ។

សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ថ្ងៃទី៤ (កក្កដា) នេះ ខ្ញុំនឹងចូលទៅអានសុន្ទរកថានៅទីស្នាក់ការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិតែម្តង ដើម្បីបង្ហាញពីវឌ្ឍនភាព នៃដំណើរការសិទ្ធិមនុស្សរបស់កម្ពុជាវាយ៉ាងម៉េច? សិទ្ធិមនុស្សមិនមែននៅក្រោមគ្រាប់ផ្លោងទេណា សិទ្ធិមនុស្សមិនបាននៅក្នុងសង្គ្រាមទេណា សិទ្ធិមនុស្សមិនបាននៅក្រោមការសម្លាប់រៀងរាល់ថ្ងៃ»

សម្តេចតេជោបន្ថែមថា «ឥឡូវបើចង់និយាយពីវឌ្ឍនភាព។ សូមក្រឡេកទៅមើលកាលពី ៤០ឆ្នាំមុន តើវាយ៉ាងម៉េច? ហើយ៤០ឆ្នាំក្រោយ តើវាយ៉ាងម៉េច? យើងត្រូវនិយាយគ្នាឱ្យច្បាស់លើរឿងនេះ»

សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លៀតថ្លែងរិះគន់ដល់បណ្តាប្រទេសមួយចំនួនរាប់ទាំងប្រទេសនៅអឺរ៉ុបផងដែរថា ពីមុនមានស្ថានភាពគោរពសិទ្ធិមនុស្សល្អប្រសើរ តែបច្ចុប្បន្នកំពុងមានការធ្លាក់ចុះរាប់ទាំងសិទ្ធិជនភៀសខ្លួន។ តែសម្រាប់កម្ពុជាមានការវិវឌ្ឍន៍យ៉ាងល្អប្រសើរក្រោយពេលប្រឹងប្រែងបិទបញ្ចប់សង្គ្រាមដោយខ្លួនឯង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា «ត្រូវពិនិត្យប្រទេសដែល៤០ឆ្នាំមុនវាល្អ ឥឡូវវាមិនល្អ តើវាយ៉ាងម៉េច? ប្រៀបធៀបអ៊ីចេះបានវាត្រូវ។ បើមើលដើមឈើមួយដើមៗ វាយតម្លៃសភាពការណ៍មិនត្រូវទេ មិនត្រូវទេ ឥឡូវយើងពិនិត្យមើលប្រទេសដែលមានវឌ្ឍនភាពផ្នែកសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកាលពី ៤០ឆ្នាំមុន មានអ្វីកើតឡើងនៅប្រទេសទាំងនោះទៅហើយ»

សម្តេចតេជោនាយករដ្ឋមន្ត្រីបន្ថែមថា «ជាដំណើរថយក្រោយមួយលើការគោរពសិទ្ធិមនុស្ស រាប់ទាំងបញ្ហាជនភៀសខ្លួននៅអឺរ៉ុបខ្លួនឯងតែម្តង។ ប៉ុន្តែកម្ពុជាកាលពីជាង ៤០ឆ្នាំមុន ស្លាប់រាល់ថ្ងៃ ហើយបន្ទាប់ទៅសង្គ្រាមនៅបន្ត ក៏មានមនុស្សស្លាប់បន្តទៅទៀត។ តែជាបន្តបន្ទាប់យើងបានឈានឡើងក្នុងជំហានដ៏ក្លាហានមួយ។ ការរស់រៀនមានជីវិតរបស់យើងឡើងវិញយើងបានឃើញប្រត្យក្សនឹងភ្នែក សិទ្ធិមនុស្សត្រូវចាប់ផ្តើមពីសិទ្ធិរស់រៀនមានជីវិត។ មិនមែនចាប់ផ្តើមពីសរសេរអត្ថាធិប្បាយកាសែតទេ បើវាងាប់ទៅហើយ តើសរសេរកាសែតរបៀបម៉េច?»

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការប្តេជ្ញាចិត្តមុះមុតថា កម្ពុជាមិនព្រមឱនក្បាលជាមួយការប្រៀនប្រដៅរបស់អ្នកដទៃនោះឡើយលើបញ្ហាសិទ្ធិមនុស្សនេះ ព្រោះកន្លែងខ្លះសម្លាប់មនុស្សដោយគ្រាប់បែក គ្រាប់ផ្លោង បាញ់ពីលើយន្តហោះស្លាប់ស្ទើររៀងរាល់ថ្ងៃតែពួកគេមិនបានគិតដល់បញ្ហាសិទ្ធិមនុស្សនោះឡើយ៕