(ភ្នំពេញ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកគណ:អចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាលគណបក្សប្រជាជនកម្ពុជា, អនុប្រធានទី២ រដ្ឋសភា, អនុប្រធានទី១ គណ:អចិន្ត្រៃយ៍ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក បានដឹកនាំសមាជិកបក្សប្រមាណ៣៥០នាក់ ប្រារព្ធខួប៦៨ឆ្នាំ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០១៩) នៅស្រុកលើកដែក ខេត្តកណ្តាល ដែលរៀបចំធ្វើឡើងនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩ នៅទីស្នាក់ការបក្សស្រុកលើកដែក។

ថ្លែងទៅកាន់សមាជិក-សមាជិកាប្រមាណ៣៥០នាក់ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារីប្រធានក្រុមការងារ បានលើកយកប្រវត្តិសង្ខេប នៃការចាប់បដិសន្ធិរបស់គណបក្សប្រជាជនកម្ពុជា គឺនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា «គណបក្សប្រជាជនបដិវត្តន៍ខ្មែរ» បន្ទាប់មកនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា «គណបក្សប្រជាជនកម្ពុជា»។

លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បញ្ជាក់ថា ចាប់តាំងថ្ងៃបដិសន្ធិរហូតមកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិដោយឈរលើគោលការណ៍ តម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ រួមសុខរួមទុក្ខ ប្រមូល ឬកៀរគរកម្លាំង ប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់ប្រជាធិបតេយ្យ សេរីភាព សន្តិភាព ដោយមិនប្រកាន់និន្នាការនយោបាយ ជំនឿ សាសនា ជនជាតិ និងឋានៈ ដើម្បីរួបរួមគ្នា ជាកម្លាំងសាមគ្គីជាតិ យ៉ាងរឹងមាំ ក្នុងការការពារបូរណភាពទឹកដី កសាងប្រទេសជាតិ ឯករាជ្យ សេរីភាព អព្យាក្រឹត្យ ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព ដែលបានមកពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។

លោកស្រីកត្តិសង្គហបណ្ឌិតបានបន្តថា ចាប់តាំងពីថ្ងៃបដិសន្ធិ គណបក្សប្រជាជនកម្ពុជា បានពុះពារជំនះគ្រប់ឧបសគ្គ ហ៊ានធ្វើពលីកម្មដើម្បីឯករាជ្យ សេរីភាព សុខសន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។ ៤០ឆ្នាំ បានកន្លងមក កម្ពុជាបានប្រែក្លាយពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិសង្គ្រាមស៊ីវិលរាំរ៉ៃ ប្រទេសត្រូវបានបែកបាក់ និងបំផ្លាញស្ទើរទាំងស្រុង ទុរគត និងអសន្តិសុខស្បៀង មកជាប្រទេស មានសុខសន្តិភាព ឯករាជ្យ ជាតិ សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋធម្មនុញ្ញ និងធានាបាននូវសន្តិសុខស្បៀងពេញលេញ។ ជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យយ៉ាងធំធេង នូវដំណើរការសន្តិភាវូបនីយកម្ម តាមរយៈការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបញ្ចប់ទាំងស្រុង នូវសង្គ្រាមស៊ីវិលរាំរ៉ៃ បង្កើតបានសុខសន្តិភាព នៅទូទាំងផ្ទៃប្រទេស។

លោកស្រីកត្តិសង្គហបណ្ឌិត បានបន្តទៀតថា បច្ចុប្បន្ន កម្ពុជា បានប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី ធ្វើឲ្យកំណើនសេដ្ឋកិច្ចជាតិ មានស្ថិរភាពល្អប្រសើរ ហើយតាមរយៈកំណើននេះ ធ្វើឲ្យការបែងចែកធនធានប្រកបដោយសមធម៌ និងតម្លាភាព។ ជំរុញលើកទឹកចិត្ត និងគាំទ្រដល់ការអភិវឌ្ឍវិស័យឯកជន ព្រោះជាក្បាលម៉ាស៊ីនរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារ បង្កើតមុខរបរ បង្កើនចំណូលដល់គ្រួសារកសិករ។

បច្ចុប្បន្ន រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយ កំណែទម្រង់ផ្ទៃក្នុងយ៉ាងច្បាស់លាស់ មុតស្រួច និងឆន្ទៈមោះមុតតាមបាវចនា២ គឺកែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ដោយឈរលើស្មារតី ឯករាជ្យជាមួយគ្នា និងអភិក្រមទាំង០៥ គឺឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ សំដៅកែលម្អការប្រកួតប្រជែង បង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចបង្កើត និងបង្កលក្ខណៈអំណោយផល ក្នុងការវិនិយោគក្នុងគោលដៅធានានូវចីរភាព និងនិរន្តរភាពនៃកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្នទាំងពេលបច្ចប្បន្ន និងអនាគត។

លោកស្រីកត្តិសង្គហបណ្ឌិត បានបញ្ជាក់ជូនសមាជិក ឬសមាជិកាបន្ថែមថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាបន្តខិតខំកសាង ការពារនិងអភិវឌ្ឍជាតិ ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ ឆ្លើយតបតាមសេចក្តីត្រូវការរបស់ប្រជាជន ក្នុងអាណត្តិ២០១៨-២០២៣ និងសម្រេចឲ្យបាននូវគោលដៅ អភិវឌ្ឍគ្រប់វិស័យប្រកបដោយប្រសិទ្ធភាព សមធម៌ និងនិរន្តរភាព។

បន្ថែមនៅក្នុងអង្គមីន្ទីងនេះ លោកស្រី ឃុន គឹមនី សមាជិកក្រុមប្រឹក្សាស្រុក បានថ្លែងនៅចំពោះមុខអង្គមីន្ទីង ដោយបានធ្វើការបេជ្ញាចិត្តយ៉ាងមោះមុត និងគាំទ្រដាច់ខាត ក្នុងការចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីបុព្វហេតុស្នេហាជាតិ ហើយមិនអនុញ្ញាតឲ្យមានពន្លកនៃបដិវត្តពណ៌ កើតមានលើមាតុភូមិជាទីស្នេហាមួយនេះបានឡើយ។

លោកស្រីកតិ្តសិង្គហបណ្ឌិត ឃួន សុដារី បានអំពាវនាវឲ្យសមាជិកទាំងអស់ បន្តពង្រឹង និងពង្រីកសេវាសង្គមកិច្ច សម្រាប់ជនងាយរងគ្រោះ លើកកម្ពស់ស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរ និងបន្តជំរុញធ្វើសមាហរណកម្មកម្ពុជា ជាមួយសហគមន៍អន្តរជាតិ ទាំងក្របខណ្ឌតំបន់ និងពិភពលោក ព្រមទាំងបន្តប្រកាន់ជំហរយ៉ាងរឹងមាំ ក្នុងការថែរក្សាសមិទ្ធផលធំធេង មិនអាចកាត់ថ្លៃបានរបស់សង្គមជាតិ ជាពិសេសសុខសន្តិភាព និងស្ថិរភាពនយោបាយ៕