(ពោធិ៍សាត់)៖ លោក សេង ទៀង ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ អមដំណើរដោយលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងក្រុមមេធាវីស្ម័គ្រចិត្តរបស់សម្តេចតេជោ បាននាំយកថវិកា ដែលទទួលបានពីការបរិច្ចាក ពីសប្បុរសជន ផ្តល់ជូនគ្រួសារសព២នាក់ ដែលរងគ្រោះក្នុងឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ របស់ជនជាតិចិន នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅ ។

លោក សេង ទៀង បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានយកចិត្តទុកដាក់អំពាវនាវដល់សប្បុរសជន និងគិតគូរចំពោះប្រជាពលរដ្ឋដែលរងគ្រោះ ដោយអគារបាក់រលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

លោកក៏បានពាំនាំការថ្លែងអំណរគុណដល់អាជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងអ្នកស្ម័គ្រចិត្តទាំង ដែលបានចូលរួមទាំងកម្លាំងកាយ កម្លាំងចិត្ត និងថវិកាជួយដល់ពលរដ្ឋដែលរងគ្រោះទាំងអស់នោះ។

លោកបានបន្ថែមថា ថវិកាដែលទទួលបានពីការបរិច្ចាគ ពីសប្បុរសជនមានចំនួនជាង២លានដុល្លារអាមេរិក បាននិងកំពុងរៀបចំចាត់ចែង ផ្តល់ជូនទៅពលរដ្ឋរងគ្រោះ គឺទាំងអ្នករងរបួស និងក្រុមគ្រួសារសព ដើម្បីអាចមានលទ្ធភាពកសាងជីវភាព រស់នៅបានល្អប្រសើរ។ ជាក់ស្តែង ដូចជាសពកម្មករ និងកម្មការិនី២នាក់ ដែលរស់នៅក្នុងខេត្តពោធិ៍សាត់ គឺក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៨២,៩២៩ដុល្លារសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ក្រុមគ្រួសារនៃសពបានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចាត់ចែងកម្លាំង ដើម្បីកាយយកសពសាច់ញាតិរបស់ត្រឡប់មកផ្ទះវិញ និងបានជួយឧបត្ថម្ភជាថវិកាយ៉ាងច្រើន ដល់ក្រុមគ្រួសារសពនីមួយ ដើម្បីបន្តជីវភាពរស់នៅ និងចិញ្ចឹមបីបាច់កូនតទៅមុខទៀត និងសូមអរគុណដល់ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ដែលបានជួយជ្រោមជ្រែង ក្នុងការដឹកជញ្ជូនសព ជួយឧបត្ថម្ភគាំទ្រ រៀបចំពិធីបុណ្យសពផងដែរ។

សូមបញ្ជាក់ថា សពកម្មករ តុន ទីម អាយុ៣៨ឆ្នាំ បានបន្សល់ទុកនូវភរិយាម៉េម៉ាយឈ្មោះ យឹម វ៉ិត និងកូនស្រី២នាក់ និងកូនប្រុសម្នាក់ រស់នៅភូមិចិន្តាយ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់។ រីឯសពកម្មការិនី ពិន លំអង អាយុ២៨ឆ្នាំ បានបន្សល់ទុកនូវស្វាមីពុំទាន់ស្របច្បាប់ឈ្មោះ កែវ រស្មី អាយុ៣៣ឆ្នាំ និងកូនប្រុសម្នាក់ មានឪពុកបង្កើតឈ្មោះ ម៉ក់ ហាន និងម្តាយបង្កើតឈ្មោះ ស៊ូ សៀន៕