(ភ្នំពេញ)៖ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញលទ្ធផលនៃជំនួបរបស់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន និង លោក Ingo H. Karsten ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ដែលបញ្ចប់អាណត្តិប្រចាំកម្ពុជា។ នេះបើតាមសេចក្តីប្រកាសព័ត៌មានដែលទើបចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នេះ។

ក្នុងជំនួបដែលធ្វើឡើងនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងរវាងកម្ពុជា និងអាល្លឺម៉ង់ក្នុងរយៈពេលបួនឆ្នាំកន្លងមកនេះ ដែលបានឆ្លុះបញ្ចាំងតាមរយៈ ទំនាក់ទំនងពាណិជ្ជកម្មមានការកើនឡើងរឹងមាំខ្លាំងជាងគេ ក្នុងចំណោមប្រទេសនៅអឺរ៉ុប ការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ និងការពិគ្រោះយោបល់ទៀងទាត់ ជាពិសេសសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។

លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអាល្លឺម៉ង់ដែលបានជួយដល់កម្ពុជាលើវិស័យមួយចំនួនដូចជា កសិកម្ម សុខាភិបាល ការដោះមីន វិមជ្ឈការ និងអភិវឌ្ឍន៍ជនបទជាដើម។ លោកក៏បានអរគុណ ឯកឧត្តមឯកអគ្គរដ្ឋទូតចំពោះការខិតខំផ្ទាល់ខ្លួន នៅក្នុងអាណត្តិកន្លងមកនេះ។

ជាការឆ្លើយតបវិញ លោកឯកអគ្គរដ្ឋទូត បានបញ្ជាក់ពីការពេញចិត្តក្នុងការបំពញការងារនៅកម្ពុជា ពោលគឺចាប់ ពីដើមអាណត្តិមកម្ល៉េះ។ លោកបានធ្វើជាសាក្សីនៃការវិវត្តរីកចម្រើនរបស់កម្ពុជា ក្នុងវិស័យសេដ្ឋកិច្ច និងសង្គម ហើយប្រទេសអាល្លឺម៉ង់ គឺជាដៃគូសហប្រតិបត្តិការយូរអង្វែងជាមួយកម្ពុជា។

លោកបានកត់សំគាល់ពីជោគជ័យនៃការពិគ្រោះយោបល់ ហើយអាល្លឺម៉ង់ក៏បានបង្កើនជំនួយអភិវឌ្ឍដល់កម្ពុជា។ ទន្ទឹមនឹងនេះ មានក្រុមហ៊ុនអាល្លឺម៉ង់កាន់តែច្រើន បានចាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដូចជាក្នុងវិស័យអគ្គិសនី ដែលនេះជាសញ្ញានៃតម្រូវការសម្រាប់ការអភិវឌ្ឍ។ អាល្លឺម៉ង់ក៏បានផ្តល់អាហារូបករណ៍សម្រាប់បណ្តុះបណ្តាលអ្នកការទូតវ័យក្មេងនៅកម្ពុជា ដែលរហូតមកដល់ពេលនេះមានចំនួនសរុប ១៣នាក់ហើយ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន មានប្រសាសន៍ថា អាល្លឺម៉ង់បានផ្តល់ជំនួយឥតសំណង និងកម្ចីហិរញ្ញប្បទានសម្បទានចំនួនសែសិបប្រាំបីលានប្រាំមួយសែនអឺរ៉ូ សម្រាប់គម្រោងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពីឆ្នាំ២០១៩-២០២០។ ចំណែកឯទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរវិញ មានចំនួនប្រមាណមួយពាន់លានដុល្លារ ខណៈដែលភ្ញៀវទេសចរអាល្លឺម៉ង់មានជាង១០ ម៉ឺននាក់ក្នុងមួយឆ្នាំ។

អំពីបញ្ហា EBA លោកឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនលោកឯកអគ្គរដ្ឋទូតថា រាជរដ្ឋាភិបាល កំពុងខិតខំធ្វើការជាមួយគណៈកម្មការអឺរ៉ុបដើម្បីថែរក្សា EBA សម្រាប់កម្ពុជា ដោយបានរៀបចំទទួលបេសកកម្មគណៈកម្មការអឺរ៉ុបមកកម្ពុជាកាលពីដើមខែនេះ។

ចំពោះបញ្ហានេះ លោកឯកអគ្គរដ្ឋទូត រីករាយដោយកត់សម្គាល់ឃើញថា រាជរដ្ឋាភិបាលបានខិតខំធ្វើការងារច្រើន តាមរយៈការតំឡើងប្រាក់បៀវត្សកម្មករ និងការសម្រាកមាតុភាពជាដើម ដែលផ្នែកមួយនៃការគាំពារសង្គម។

លោកឧបនាយករដ្ឋមន្រ្តី មានប្រសាសន៍ថា រាជរដ្ឋាភិបាលប្តេជ្ញាពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីភាពសាព័ត៌មាន និងសង្គមស៊ីវិល សហជីព ដែលរហូតមកដល់ពេលនេះមានការលើកលែងទោសដល់មេសហជីព និងបង្កើតវេទិកាពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល។

ជាមួយគ្នាឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ មានការកោតស្ញប់ស្ញែងចំពោះប្រសាសន៍របស់សម្តេចតេជោនាយករដ្ឋមន្រ្តីថា សម្តេចតែងតែពិភាក្សាជាមួយបក្សប្រឆាំង។

នៅក្នុងកិច្ចសហប្រតិបត្តិការតំបន់វិញ លោកឯកអគ្គរដ្ឋទូត បានមានប្រសាសន៍ថា សហគមន៍អឺរ៉ុប មានការចាប់អារម្មណ៍ខ្លាំងលើអាស៊ាន និងចង់ពង្រីកទំនាក់ទំនងជាមួយអាស៊ាន លើសពីវិស័យសេដ្ឋកិច្ចទៅដល់ វិស័យនយោបាយ និងសន្តិសុខ។

ឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូត បានឯកភាពគ្នាថា នឹងបន្តពិភាក្សាសម្រេចឲ្យបាននូវអនុស្សរណៈស្តីពីការពិគ្រោះយោបល់រវាងក្រសួងការបរទេសទាំងពីរ ហើយនឹងបន្តគាំទ្រគ្នាទៅវិញទៅមកនៅក្នុងយន្តការពហុភាគីនានា ដូចជា អ.ស.ប. និងអង្គការយូណេស្កូជាដើម៕