(បាត់ដំបង)៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំភ្នំសំពៅ បានអញ្ជើញជាអធិបតីប្រារព្វខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្ស នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩នៅទីស្នាក់ការបក្សឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីថ្នាក់ដឹកនាំបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត និងសមាជិកសមាជិកាបក្សឃុំប្រមាណ ២៥០នាក់។

នៅក្នុងឱកាសនោះដែរលោក ហែម ថេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ប្រជាជនកម្ពុជាចុះជួយឃុំភ្នំសំពៅ បានឡើងអានសន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយបានបញ្ជាក់ពីស្នាដៃសំខាន់ៗ របស់គណបក្សមានគុណបំណាច់ដ៏ធំធេង ដោយបានរដោះជាតិរួចផុតពីភ្នក់ភ្លើងសង្រ្គាម ពិសេសរបបប្រល័យពូជសាសន៍ បានស្តារប្រទេសជាតិឡើងវិញ កសាង អភិវឌ្ឍន៍ និងស្វែងរកសន្តិភាពពេញលេញជូនជាតិ និងប្រជាជនបានរស់នៅដោយសុខសាន្តដល់បច្ចុប្បន្ន និងសេដ្ឋកិច្ចជាតិមានការកើនឡើងជាលំដាប់។

ក្នុងទិវាខួបលើកទី៦៨ ថ្ងៃបង្កើតបក្សប្រជាជនកម្ពុជានេះផងដែរ សមាជិកសមាជិកាបក្សទាំងអស់បានអបអរសាទរ អមដោយជ័យឃោស និងបានប្តេជ្ញាចិត្តដើរតាមគោលនយោបាយរបស់ គណបក្សបន្តរហូតទៅ ដែលមានប្រមុខដឹកនាំគឺសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស, សម្តេចក្រឡាហោម ស ខេង ជាអនុប្រធានបក្ស, សម្តេច សាយ ឈុំ ជាអនុប្រធាន បានដឹកនាំប្រទេសជាតិមានការអភិវឌ្ឍន៍កាន់តែរីកចំរើនយ៉ាងខ្លាំងផងដែរ។

លោក ហែម ថេង បានបញ្ជាក់ថា «ប្រវត្តិសាស្រ្ត នៃប្រទេសកម្ពុជាយើងកន្លងមកជួបតែសង្រ្គាមជាបន្តបន្ទាប់ឥតឈប់ឈរ ដោយសារមេដឹកនាំប្រទេសនៅក្នុងជំនាន់នីមួយៗ មិនដែលបានសុខឡើយ គឺមានគណបក្សប្រជាជនកម្ពុជាតែ១គត់ដែលបានតស៊ូ ធ្វើពលីកម្មគ្រប់បែបយ៉ាង ស្វែងរកសន្តិភាពជូនប្រទេសជាតិ និងប្រជាជនពិតប្រាកដបានដល់សព្វថ្ងៃ ហើយគណបក្ស ប្រជាជនបានបង្កើតឡើង តាំងពីឆ្នាំ១៩៥១ មកមានអាយុកាលឆ្នាំលើកទី៦៨ ទើបថ្នាក់ដឹកនាំជាន់ខ្ពស់ បានកំណត់យកថ្ងៃទី២៨ ខែមិថុនា ជាថ្ងៃបង្កើតគណបក្សដល់បច្ចុប្បន្ន»

បន្ទាប់ពីអង្គពិធីបានបញ្ចប់ គណៈអធិបតីក៏បានឧត្ថមថវិកាអ្នកចូលរួមទាំង ២៥០នាក់ក្នុងម្នាក់ៗ ទទួលបាន២ម៉ឺនរៀលផងដែរ៕