(ព្រះសីហនុ)​៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ នៅថ្ងៃពុធ​ ទី​២៦​ ខែមិថុនា​ ឆ្នាំ​២០១៩​ នេះ​ ក្រុមការងារកាកបាទក្រហមកម្ពុជា​​ បាននាំយកព្រះរាជអំណោយដ៏ថ្លៃថ្លារបស់​ សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ យកទៅប្រគល់ជូនដល់ក្រុមគ្រួសារសពទាំង​ ២៨នាក់​ នៅតាមខេត្តដែលជាស្រុកកំណេីត​រៀងៗខ្លួន​ ខណៈអ្នករង​របួសកំពុងសម្រាកព្យាបាលទាំង​ ២៦នាក់​ បានទទួលរួចរាល់កាលពីថ្ងៃម្សិលមិញនេះ។

សូមបញ្ជាក់ថា​ ព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តមនូវព្រះរាជទ្រព្យ​ចំនួន​ ១ម៉ឺន​ ដុល្លារអាមេរិក​របស់​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា​ បានប្រគល់ជូនក្រុមគ្រួសារអ្នកស្លាប់ទាំង​ ២៨នាក់​ ក្នុងម្នាក់ៗ​ ២៥០ដុល្លារ​ និងអ្នករបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុទាំង​ ២៥នាក់​ ក្នុងម្នាក់ៗ​ ១០០ដុល្លារ​។ ដោយឡែក​ អ្នករងរបួស​ធ្ងន់ ១នាក់​ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ​ ទទួលបាន​ថវិកាចំនួន ៥០០ដុល្លារ។

ទន្ទឹមនឹងនេះ​ អំណោយរបស់​កាកបាទក្រហមកម្ពុជា​ ក៏បាន​ប្រគល់ជូនគ្រួសារជនរងគ្រោះរួចរាល់​ដោយក្នុងនោះ​ ៖

*គ្រួសារសពនីមួយៗទទួលបាន​ ថវិកា​ ៥លានរៀល​ អង្ករ​ ១២០គីឡូក្រាម​ មី​ ៥កេស​ ត្រីខ​ ៥០កំប៉ុង​ ទឹកក្រូច​ ៥កេស​ និងទឹកសុទ្ធ​ ៥កេស។

* អ្នករបួសទាំង​ ២៥នាក់​ ក្នុងម្នាក់ៗទទួលបាន​ថវិកា​ ២លានរៀល​ ទឹកដោះគោស្រស់​ ២ប្រអប់​ មុង១​ ភួយ១​ សារុង១​ និងក្រមា១។

* អ្នករងរបួសធ្ងន់ម្នាក់ទទួលបាន​ ថវិកា​ ៥លានរៀល​ ទឹកដោះគោស្រស់​ ២ប្រអប់​ មុង១​ ភួយ១​ សារុង១​ និងក្រមា១៕