(ភ្នំពេញ)៖ ក្រុមហ៊ុនមួយរបស់ឥណ្ឌា ដែលកំពុងទទួលបានភាពជោគជ័យ ក្នុងការអភិវឌ្ឍវិស័យអប់រំបណ្តុះបណ្ដាលវិជ្ជាជីវៈជាង៧ឆ្នាំនោះ បានបង្ហាញគោលបំណងចង់បង្កើត នូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជន ដែលកំពុងសិក្សានៅកម្រិតអនុវិទ្យាល័យ និងយុវជនដែលបោះបង់ការសិក្សា ដើម្បីឱ្យពួកគេទទួលបានជំនាញមួយច្បាស់លាស់ និងមានការងារធ្វើសមរម្យ។

គោលបំណងនេះ ត្រូវបានលើកឡើងក្នុងកិច្ចជំនួបពិភាក្សារវាងលោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាមួយលោក រ៉ាជនីស្ហ កូណាត្រា (Rajneesh Kanotra) ប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន Centum Learning Ltd នៅទីស្ដីការក្រសួង នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩។

លោករដ្ឋមន្ត្រី អ៉ិត សំហេង បានពិនិត្យមើលប្រវត្តិនៃការដំណើរការរបស់ក្រុមហ៊ុន Centum Learning Ltd រួចហើយ ហើយក៏បានបង្ហើបពីគោលបំណង ចង់ឱ្យក្រុមហ៊ុនរបស់ឥណ្ឌាមួយនេះ បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ក្នុងការអភិវឌ្ឍការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈយ៉ាងខ្លាំង ដោយលោកបានលើកឡើងថា «ខ្ញុំពិតជាចង់ឱ្យឥណ្ឌាមានវត្តមានលើវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) នៅកម្ពុជាណាស់»។

ជាការពិតណាស់ ក្រុមហ៊ុន Centum Learning Ltd នេះ ពិតជាបានដំណើរការក្នុងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអភិវឌ្ឍន៍ជំនាញយ៉ាងជោគជ័យ រយៈពេល៧ឆ្នាំមកហើយ ដោយបានជួយដល់ប្រជាពលរដ្ឋជាច្រើន ទាំងនៅប្រទេសឥណ្ឌា នៅតំបន់អាហ្វ្រិកផងដែរ។ នេះបើតាមលោក រ៉ាជនីស្ហ កាណូត្រា។

លោក រ៉ាជនីស្ហ បានឱ្យដឹងទៀតថា ក្រុមហ៊ុនលោកមានគោលបំណង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើតគម្រោងអភិវឌ្ឍន៍ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈដល់យុវជនកម្ពុជា ដែលកំពុងសិក្សានៅកម្រិតមធ្យមសិក្សាបឋមភូមិ (អនុវិទ្យាល័យ) និងយុវជនដែលបានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៩ ដើម្បីឱ្យពួកគេទទួលបាននូវជំនាញវិជ្ជាជីវៈណាមួយ និងទទួលបានការងារធ្វើសមរម្យ ក្នុងនោះមានដូចជាជំនាញបច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាល ហិរញ្ញវត្ថុជាដើម។

លោក អ៉ិត សំហេង បានបង្ហាញនូវការគាំទ្រយ៉ាងខ្លាំង ចំពោះគោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការនេះ ដោយលោករដ្ឋមន្ត្រីបានចង្អុលបង្ហាញ និងចាត់ក្រុមការងារជំនាញ នៃអគ្គនាយកដ្ឋានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឱ្យធ្វើការពិភាក្សាលើការងារពាក់ព័ន្ធនានា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការខាងលើនេះ លេចជារូបរាងឡើង និងផ្ដល់ផ្លែផ្កាសម្រាប់ការអភិវឌ្ឍនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តទៀតថា នៅកម្ពុជាបច្ចុប្បន្នមានកម្លាំងពលកម្មប្រមាណជាង១០លាននាក់ ហើយអាត្រានៃកម្លាំងពលកម្ម ដែលចូលក្នុងទីផ្សារការងារក្នុងមួយឆ្នាំៗ មានមិនដល់កន្លះលាននាក់ទេ ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី កម្ពុជាក៏នៅតែមិនអាចផ្ដល់ការបណ្ដុះបណ្ដាលដល់ពួកគេគ្រប់គ្នា នៅឡើយដែរ ដែលទាមទារឱ្យមានដៃគូសហការទាំងជាតិ និងអន្តរជាតិ ក្នុងការជួយអភិវឌ្ឍន៍វិស័យនេះ ឱ្យបានកាន់តែច្រើន។

រដ្ឋមន្ត្រីក្រសួងការងា របានបញ្ជាក់ទៀតថា គោលបំណងចង់បង្កើតកិច្ចសហប្រតិបត្តិការនេះ គឺស្របទៅនឹងស្ថានភាពដែលកម្ពុជា កំពុងត្រូវការដៃគូសហការបន្ថែម ហើយលោករដ្ឋមន្ត្រីបានជម្រាបជូនលោក រ៉ាជនីស្ហ កាណូត្រា ថារាជរដ្ឋាភិបាលស្វាគមន៍ជានិច្ច ចំពោះកិច្ចសហប្រតិបត្តិការនេះ។

ជាមួយគ្នានោះ លោក រ៉ាជនីស្ហ កាណូត្រា បានបញ្ជាក់ប្រាប់លោករដ្ឋមន្ត្រី អ៉ិត សំហេង បន្ថែមថា ក្រុមហ៊ុន Centum Learning Ltd របស់លោក ក៏អាចចែករំលែកបទពិសោធន៍ នៃការអភិវឌ្ឍជំនាញវិជ្ជាជីវៈជាមួយកម្ពុជាបានផងដែរ ប្រសិនបើកម្ពុជាមានបំណងចង់ពង្រឹង សមត្ថភាពមន្ត្រីជាគ្រូបង្គោលបន្ថែមទៀត៕