(គួឡាឡាំពួរ, ម៉ាឡេស៉ី)៖ អ្នកសារព័ត៌មាន Fresh News និងបណ្ដាញសារព័ត៌មានអនឡាញថ្មីៗ បានទទួលវិញ្ញាបនបត្រពីប្រទេសម៉ាឡេស៉ី ក្នុងព្រឹត្តិការណ៍ Mega Fam តាមរយៈក្រសួងទេសចរណ៍នៃប្រទេសនេះ។

វិញ្ញាបនបត្រដែលត្រូវបានផ្ដល់ ដោយក្រសួងទេសចរណ៍ម៉ាឡេស៉ី គឺជាលិខិតដើម្បីអះអាងថា អ្នកសារព័ត៌មានកម្ពុជាទាំង២រូប បានចូលរួមយ៉ាងសកម្ម នៅក្នុងព្រឹត្តិការណ៍ Mega Fam «EID AL-FITRI, Malaysia Open House Celebration»។ ព្រឹត្តិការណ៍នេះ ត្រូវបានប្រារព្ធធ្វើឡើងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ នៅទីក្រុងកូឡាឡាំពួរ។

លិខិតរបស់អគ្គនាយក នៃអគ្គនាយកដ្ឋានក្រសួងទេសចរណ៍ម៉ាឡេស៉ី បានបញ្ជាក់យ៉ាងដូច្នេះថា «យើងសង្ឃឹមថា បទពិសោធន៍ ដែលអ្នកទទួលបានពីកម្មវិធីនេះ នឹងដឹកនាំទៅរកការបង្កើតចំណេះដឹង កាន់តែអស្ចារ្យជាងមុនអំពីម៉ាឡេស៉ី ព្រមទាំងជួយសម្រួលដល់អ្នក ក្នុងការផ្តល់សេវាកម្ម និងការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ អំពីប្រទេសម៉ាឡេស៉ី ដើម្បីឱ្យអតិថិជនរបស់អ្នកពេញចិត្ត»។

គួរបញ្ជាក់ថា ក្រសួងទេសចរណ៍ម៉ាឡេស៉ី តាមរយៈក្រុមប្រឹក្សាផ្សព្វផ្សាយទេសចរណ៍ម៉ាឡេស៉ីប្រចាំកម្ពុជា បានអញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអ្នកសារព័ត៌មានមកពីបណ្តាប្រទេសមួយចំនួន ដើម្បីទៅចូលរួមក្នុងព្រឹត្តិការណ៍ Malaysia Mega Familiarisation Tour Programme (MEGA FAM) ក្នុងការប្រារព្ធពិធីបុណ្យ EID Al-FITRI ឆ្នាំ២០១៩។ អ្នកសារព័ត៌មានកម្ពុជា ត្រូវបានផ្តល់ការធ្វើដំណើរដោយក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines៕