(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រកាសព្រមានដាក់វិន័យតាមច្បាប់រដ្ឋបាល ស្ដីពីសហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិល ដល់អភិបាលខណ្ឌណា ដែលបណ្ដោយឲ្យមាន ការសាងសង់សំណង់គ្មានច្បាប់អនុញ្ញាត និងបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋ។

លិខិតរបស់អភិបាលរាជធានីភ្នំពេញ ដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ បានបញ្ជាក់ថា «កន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានណែនាំជាប្រចាំ ដល់រដ្ឋបាលខណ្ឌឲ្យយកចិត្តទុកដាក់ទប់ស្កាត់ រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាត ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ។ ប៉ុន្ដែទោះបីជាមានការណែនាំជាច្រើនលើកច្រើនសាររួចហើយក៏ដោយ ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែសង្កេតឃើញថា សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ នៅតែកើតឡើងជាបន្ដបន្ទាប់ ក្នុងភូមិសាស្រ្ដរាជធានីភ្នំពេញ»

ដើម្បីគ្រប់គ្រងការសាងសង់គ្រប់ប្រភេទ ឲ្យស្របតាមប្លង់គោលរាជធានីភ្នំពេញ បទដ្ឋាននគរូនីយបញ្ញត្តិ និងលក្ខណៈបច្ចេកទេសសំណង់នោះ រដ្ឋបាលរាជធានីភ្នំពេញស្នើលោកអភិបាលខណ្ឌខិតខំទប់ស្កាត់ រាល់សំណង់ដែលគ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់ឲ្យខានតែបាន និងមានប្រសិទ្ធិភាព ក្នុងន័យបន្ដឹងការគោរពលិខិតបទដ្ឋានគតិយុត្ត ក៏ដូចធានាបាននូវសុវត្ថិភាព និងគុណភាពជូនប្រជាពលរដ្ឋ។

ក្នុងលិខិតដដែលសង្កត់ធ្ងន់ថា «ក្នុងករណីដែលសំណង់គ្មានលិខិតអនុញ្ញាតសាងសង់ និងសំណង់ខុសលិខិតអនុញ្ញាតសាងសង់នៅតែកើតមាន ហើយបង្កគ្រោះថ្នាក់ និងបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់ពលរដ្ឋ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន នោះលោកអភិបាលខណ្ឌ ត្រូវទទួលវិន័យរដ្ឋបាលទៅតាមច្បាប់ស្ដី ពីសហលក្ខន្ដិកៈមន្រ្ដីរាជការស៊ីវិល និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»