(ព្រះសីហនុ)៖ លោក គង់ សារាជ ប្រធានគណៈកម្មការទី៩ ព្រឹទ្ធសភា និងលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ ព្រឹទ្ធសភា តំណាងសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភាសរុបចំនូន ៥៤លានរៀល ជូនជនរងគ្រោះដោយសារការបាក់ស្រុតអគារកម្ពស់៧ជាន់ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃអង្គារទី២៥ ខែមិថុនា ឆ្នាំ២០១៩។

ក្នុងនាមសម្តេចប្រធានព្រឹទ្ធសភា តំណាងទាំង២រូប បានសម្តែងនូវ សេចក្តីក្រៀមក្រំបំផុតចំពោះឧបទ្ទវហេតុដ៏សោកសង្វេង នៃការបាក់រលំអគារកម្ពស់៧ជាន់ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។

ជាមួយគ្នានេះ លោក គង់ សារាជ និងលោក ម៉ម ប៊ុននាង ក៏ចូលរួមរំលែកទុក្ខយ៉ាងជ្រាលជ្រៅជាមួយក្រុមគ្រួសារ និងសាច់ញាតិដែលបានបាត់បង់សមាជិករបស់ខ្លួន នៅក្នុងហេតុការណ៍ដ៏ សោកសៅនេះ និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធបងប្អូន កូនក្មួយបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ ព្រមទាំងសូមជូនពរដល់បងប្អូន កូនក្មួយជាជនរងគ្រោះដែលកំពុងសម្រាក ព្យាបាលរបួស សូមបានឆាប់ជាសះស្បើយ និងបានវិលទៅប្រកបជីវភាពរស់នៅជាធម្មតាឡើងវិញ។

ក្នុងឱកាសនោះដែរ លោកទាំង ២រូប ក៏បាននាំយកថវិការបស់សម្តេចប្រធានព្រឹទ្ធសភា ផ្តល់ជូនដល់ក្រុមគ្រួសារ និងសាច់ញាតិជនរងគ្រោះ ដែលបានស្លាប់ចំនួន២៨នាក់ ដោយក្នុងគ្រួសារសពនីមួយៗ ទទួលបានថវិកាចំនួនមួយលានរៀល ព្រមទាំងជូនថវិកាដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ដោយក្នុងម្នាក់ៗទទួលបានថវិកាចំនួនមួយលានរៀល ។

ចំណែកនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ លោក គង់ សារាជ និងលោក ម៉ម ប៊ុននាង អមដំណើរដោយលោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានអញ្ជើញទៅពិនិត្យមើលទីតាំង ជាក់ស្តែង នៅកន្លែងអគារកម្ពស់៧ជាន់បាក់រលំ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ៕