(ហាណូយ)៖ សហភាពអឺរ៉ុប (EU) និងប្រទេសវៀតណាម នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា នាថ្ងៃអាទិត្យសប្តាហ៍នេះ នៅរដ្ឋធានីហាណូយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Vietnam News នារសៀលថ្ងៃពុធ ទី២៦ ខែមិថុនា ឆ្នាំ២០១៩។

ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងអឺរ៉ុប និងវៀតណាមចូលជាធរមាន ការយកពន្ធដល់ទៅជាង ៩៩ភាគរយ ពោលគឺស្ទើរតែ ទាំងស្រុងលើមុខទំនិញផ្សេងៗរបស់ភាគីទាំងពីរ នឹងត្រូវដកចេញវិញ។ ក្នុងនោះវៀតណាមនឹងដកការយកពន្ធនាំចូលប្រមាណ ៦៥ភាគរយ ចេញពីលើផលិតផលដែលមកពីសហភាពអឺរ៉ុប ខណៈការយកពន្ធដែលនៅសេសសល់ទាំងប៉ុន្មានទៀតនឹងត្រូវដក ចេញតាមក្រោយក្នុងទសវត្សរ៍ថ្មីខាងមុខនេះ។

យោងតាមរបាយការណ៍ស្រាវជ្រាវចុងក្រោយបំផុតរបស់ ក្រសួងផែនការ និងវិនិយោគទុនវៀតណាម កិច្ចព្រមព្រៀងខាងលើដែលហៅកាត់ថា EVFTA នឹងជួយបង្កើនការនាំចេញរបស់វៀតណាមទៅកាន់សហភាពអឺរ៉ុប ២០ភាគរយនៅឆ្នាំ២០២០ ដល់ ៤២.៧ភាគរយនៅឆ្នាំ២០២៥ និងដល់ជិត ៤៤.៤ភាគរយនៅឆ្នាំ២០៣០។

ក្រៅពីផ្តល់ឱកាសយ៉ាងល្អប្រសើរសម្រាប់វិស័យសេដ្ឋកិច្ច កិច្ចព្រមព្រៀង EVFTA ក៏នឹងធានាថា ការធ្វើពាណិជ្ជកម្ម វិនិយោគ និង ការអភិវឌ្ឍប្រកបដោយចីរភាព អាចត្រូវផ្សាភ្ជាប់គ្នា តាមរយៈការកំណត់នូវស្តង់ខ្ពស់បំផុត នៃការបំពេញការងារការផ្តល់សុវត្ថិភាព និងការការពារបរិស្ថានក៏ដូចជាអតិថិជន។

គួរជម្រាបថា កិច្ចព្រមព្រៀង EVFTA ដែលត្រូវបានផ្តួចផ្តើមឡើងកាលពីឆ្នាំ២០១២ និងទើបតែបញ្ចប់កិច្ចចរចានៅឆ្នាំ២០១៥ ត្រូវគេរំពឹងថា នឹងទទួលបានការអនុម័តដោយសភាអឺរ៉ុប នៅចុងឆ្នាំ២០១៩នេះ ឬក៏នៅដើមឆ្នាំក្រោយ៕