(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានលើកឡើងថា ចាប់ពីពេលនេះតទៅ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លុបបំបាត់ឲ្យបានទាំងស្រុង នូវរាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកំសាន្ត និងទីសប្បាយដ្ឋាននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មុនដំណាច់ឆ្នាំ២០១៩នេះ។

ការលើកឡើងយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចក្រឡាហោម ស ខេង តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញចូលរួមជាអធិបតីភាព ក្នុងទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «សុខភាពដើម្បីយុត្ដិធម៌ យុត្ដិធម៌ដើម្បីសុខភាព» នាមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ។

ក្នុងពិធីនោះ សម្តេចក្រឡាហោម ស ខេង បានឲ្យដឹងថា វិធានការអនុវត្តច្បាប់ គឺជាកិច្ចការដ៏សំខាន់ និងមានប្រសិទ្ធភាពបំផុត ក្នុងការទប់ស្កាត់ ការផ្គត់ផ្គង់គ្រឿងញៀន។ ដូច្នេះ ការប្រមូលព័ត៌មាន ស្រាវជ្រាវស៊ើបអង្កេត ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសទប់ស្កាត់ ឲ្យបានជាមុនកុំឲ្យក្រុមឧក្រិដ្ឋជនមាន លទ្ធភាពចរាចរ គ្រឿងញៀនចូល ឬឆ្លងកាត់ប្រទេសរបស់កម្ពុជា និងការទប់ស្កាត់ ឲ្យមានប្រសិទ្ធភាព នូវរាល់ការប៉ុនប៉ង ចរាចរដោយខុសច្បាប់នូវសារធាតុគីមីផ្សំ និងការបង្វែរសារធាតុនេះ ពីជំនួញស្របច្បាប់ទៅផលិតគ្រឿងញៀនខុសច្បាប់ គឺជាកិច្ចការដ៏សំខាន់ ដែលមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ ត្រូវធ្វើការពង្រឹងបន្ថែមទៀត។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងយ៉ាងដូច្នេះថា «ចាប់ពីពេលនេះតទៅ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់លុបបំបាត់ឲ្យបានទាំងស្រុង នូវរាល់បទល្មើសជួញដូរ និងការប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកំសាន្ត និងទីសប្បាយដ្ឋាននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន មុនដំណាច់ឆ្នាំ២០១៩នេះ»

ជាមួយគ្នានោះ សម្តេចក្រឡាហោម បានសង្កត់ធ្ងន់ទៀតថា មន្ត្រីសមត្ថកិច្ចគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់ត្រូវ តែចៀសវាងឲ្យបានជាដាច់ខាតនូវកុំ៤ គឺ កុំពាក់ព័ន្ធ កុំនៅពីក្រោយធ្វើជាបង្អែក កុំបន្ធូរបន្ថយ និងកុំអន្តរាគមន៍ ក្នុងករណីបទល្មើសគ្រឿងញៀន ។

សម្តេចក្រឡាហោម បានបន្ថែមថា សម្រាប់ខេត្តជាប់ព្រំដែន បណ្តាបញ្ជាការដ្ឋានកងកម្លាំងនគរបាល កងទ័ព និងសមត្ថកិច្ច ពាក់ព័ន្ធដែលកំពុងឈរ ជើងនៅតាមតំបន់ព្រំដែនទាំងអស់ ត្រូវរៀបចំបញ្ចូល ជាសមាជិក នៃគណៈកម្មការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមឋានុក្រមក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់ការ ចរាចរគ្រឿងញៀនចូលមកក្នុងប្រទេស និងចូលរួមអនុវត្ត ការរៀបចំភូមិ ឃុំ/សង្កាត់ ស គ្មានគ្រឿងញៀន នៅតាមគោលដៅឈរជើងរបស់ខ្លួន ដោយសហការជាមួយប្រទេសជាប់ព្រំដែនជិតខាងឱ្យមានប្រសិទ្ធភាព។

សម្ដេចក្រឡាហោម ក៏បានអំពាវនាវដល់វិស័យឯកជន អ្នកវិនិយោគឬអាជីវករ ដែលមានមុខរបរពាក់ព័ន្ធ និងទីកន្លែងដែលងាយនឹងទទួលរងនូវការពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ដាច់ខាតមិន ត្រូវពាក់ព័ន្ធ និងគ្រឿងញៀន មិនត្រូវយកអាជីវកម្មស្របច្បាប់ ឆ្លៀតឱកាសរកចំណេញ ពីការប្រព្រឹត្តបទល្មើសគ្រឿងញៀន ត្រូវតែគោរពច្បាប់អាជីវកម្ម និងច្បាប់វិនិយោគ ហើយចូលរួមទប់ស្កាត់បទល្មើសគ្រឿងញៀន ដោយត្រូវរាយការណ៍ ឬសុំកិច្ចអន្តនាគមន៍ ពីសមត្ថកិច្ចពេលសង្ស័យថា មានបទល្មើសមិនលាក់បាំង៕