(ភ្នំពេញ)៖ នគរបាលព្រហ្មទណ្ឌខណ្ឌចំការមន នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជូនខ្លួនបុរសជនជាតិចិនតៃវ៉ាន់ ចំនួន ៤នាក់ និងបុរសជនជាតិខ្មែរ ដែលគេរាយការណ៍ថា ជាមន្ត្រីកងរាជអាវុធហត្ថមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដែលពាក់ព័ន្ធការណីបង្ខាំងមនុស្សជំរិតទារប្រាក់ និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត។

របាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង ៥នាក់រួមមាន៖ ឈ្មោះ CHEN CHIH HAO អាយុ៣៥ឆ្នាំ, ឈ្មោះ CHEN MING HUNG អាយុ៣៨ឆ្នាំ, ឈ្មោះ WANG HAI FENG អាយុ៣៧ឆ្នាំ, ឈ្មោះ JU JIN RUNG អាយុ៣៩ឆ្នាំ ជាជនជាតិចិនតៃវ៉ាន់ ស្នាក់នៅ អគារ BRIDGE ផ្លូវ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងឈ្មោះ ខៀវ ម៉ៅ អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីកងរាជអាវុធហត្ថ ស្នាក់នៅផ្ទះជួល ផ្លូវ៩៣ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

គួររម្លឹកថា ក្រោយពីទទួលបានពាក្យបណ្ដឹងតាមរយៈទូរស័ព្ទ កាលយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលជំនាញខណ្ឌចំការមន បានបើកការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួន ក្រុមជនសង្ស័យ ៥នាក់ខាងលើបានភ្លាមៗ នៅចំណុចអាគារញ៉ូថាមស៍ ទីតាំងលេខ៧២៤ តាមផ្លូវព្រះនរោត្ដម ស្ថិតនៅភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

នៅក្នុងប្រតិបត្តិការនោះ សមត្ថកិច្ច បានជួយសង្គ្រោះជនរងគ្រោះជាជនជាតិចិនតៃវ៉ាន់ ចំនួន ៤នាក់។ នៅពេលឃាត់ខ្លួនក្រុមជនសង្ស័យ នគរបាលបានរកឃើញវត្ថុតាងរួមមាន អាវុធខ្លី ម៉ាកប៉េអាកុល លេខ១៥៥៦ ចំនួន ០១ដើម, បង់កាំភ្លើង ចំនួន ០៣បង់ មានគ្រាប់ ចំនួន២០គ្រាប់ និងខ្នោះដៃ ចំនួន០១៕