(ស្វាយរៀង)៖ តំណែងអភិបាលស្រុកចន្ទ្រា ខេត្តស្វាយរៀង ត្រូវបានគេបង្ហើបថា នឹងត្រូវផ្លាស់ប្តូរនៅដើមខែកក្កដា ឆ្នាំ២០១៩ខាងមុខ តែសម្រាប់ប្រជាពលរដ្ឋនៅស្រុកនេះវិញ ចង់ឃើញអភិបាលស្រុកបច្ចុប្បន្នលោក ងួន រាំ នៅបន្តកាន់តំណែងដដែល រហូតមានការស្នើសុំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ករណីនេះផង។

ការទទូចសុំរបស់ប្រជាពលរដ្ឋខាងលើនេះ ក៏ព្រោះតែពួកគាត់បានមើលឃើញថា ការដឹកនាំរបស់គាត់ជាមួយពលរដ្ឋមូលដ្ឋាន និងអាជ្ញាធរដែនដីបានសហការបានល្អ និងមានការអភិវឌ្ឍផងដែរ។

ពលរដ្ឋម្នាក់អ្នកស្រី ទេព សា វី អាយុប្រមាណ៤៥ឆ្នាំ រស់នៅភូមិពោធិ ឃុំមេសថ្ងក ស្រុកចន្ទ្រា បានបញ្ចេញមតិថា លោក ងួន រាំ អភិបាលស្រុកចន្ទ្រា រាល់ថ្ងៃនេះលោកដឹកនាំបានល្អ ចេះដោះស្រាយទុក្ខលំបាកជូនពលរដ្ឋ មិនដែលមានទម្នាស់ និងប៉ះពាល់ជាមួយពលរដ្ឋនោះទេ ហើយគាត់តែងតែដោះស្រាយបញ្ហាដោយសន្តិវិធី។ ប្រជាពលរដ្ឋ ចូលចិត្តគាត់ស្ទើតែគ្រប់គ្នា ហេតុអ្វីក៏មានការផ្លាស់ប្តូរថ្នាក់ដឹកនាំល្អបែបនេះ? លោក ងួន រាំ មកកាន់តំណែងអភិបាលស្រុកនេះ ទើបតែបានជាង ១អាណត្តិទេ ហើយប្រជាពលរដ្ឋគាំទ្រគាត់ខ្លាំង រហូតបានបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាជាប់ឆ្នោតជាបន្តបន្ទាប់ផងដែរ។

អ្នកស្រី បានសំណូមពរថ្នាក់ដឹកនាំខេត្ត និងអំពាវនាវសម្តេច ស ខេង មេត្តាទុកលោក ងួន រាំ ឲ្យធ្វើជាអភិបាលស្រុកចន្ទ្រាបន្តទៀត ព្រោះលោកបានខិតខំអភិវឌ្ឍន៍មូលដ្ឋានស្រុកមួយនេះរីកចម្រើន និងពលរដ្ឋគោរពស្រឡាញ់គាត់ច្រើន ទាំងអាជ្ញាធរ និងអង្គការសង្គមស៊ីវិលទាំងអស់ នៅក្នុងស្រុកផងដែរ។

ចំណែកលោក ជា សំអន រស់នៅភូមិត្រពាំងបុណ្យ ឃុំព្រៃគគីរ ស្រុកចន្ទ្រា ក៏បានលើកឡើងដែរថា អភិបាលស្រុកចន្ទ្រា លោក ងួន រាំ ពិតជាមន្រ្តីល្អម្នាក់, គាត់ចេះជួយពលរដ្ឋដែលជួបការខ្វះខាត និងទីទាល់ក្រ ដូចជានៅភូមិឃុំណាមានមនុស្សស្លាប់ ហើយខ្វះខាតនោះលោកតែងតែនាំយកថវិកា និងទិញជាក្តារមឈូសសម្រាប់បូជាសពផងដែរ ព្រមទាំងជួយដោះស្រាយបញ្ហាជាច្រើនទៀតផង។

ក្នុងនាមលោកជាពលរដ្ឋម្នាក់ សូមសំណូមពរដល់ថ្នាក់ដឹកនាំខេត្តមត្តាទុកលោក ងួន រាំ ជាអភិបាលស្រុកបន្តទៀត ដើម្បីផ្តល់ឱកាសបានដឹកនាំស្រុកចន្ទ្រា មានការរីកចម្រើនជាបន្តបន្ទាប់ ព្រោះពលរដ្ឋពេញចិត្តគាត់ច្រើន។

ចំណែកអាជ្ញាធរឃុំមួយចំនួន នៅស្រុកចន្ទ្រាខេត្តស្វាយរៀង បានឲ្យដឹងថា បើមានការផ្តាស់ប្តូរលោក ងួន រាំ ពិតមែននោះ នេះជាការសម្រេចចិត្តរបស់ថ្នាក់លើ ពួកគាត់មិនហ៊ានជំទាស់ទេ តែក្នុងអាណត្តិក្រោមការដឹកនាំរបស់អភិបាលស្រុកសព្វថ្ងៃនេះ គាត់ដឹកនាំមិនដែលមានការថ្នាំងថ្នាក់ជាមួយប្រជាពលរដ្ឋ ឬជាមួយអាជ្ញាធរភូមិឃុំនោះទេ គាត់តែងតែសហការបានរលូន និងផ្តល់ជាអនុសាសន៍ល្អៗ ដើម្បីជំរុញការងារអភិវឌ្ឍន៍នៅមូលដ្ឋានផងដែរ។

ពាក់ព័ន្ធការលើកឡើងរបស់ប្រជាពលរដ្ឋមួយចំនួន នៅស្រុកចន្ទ្រាអង្គភាព Fresh News មិនអាចរកការបំភ្លឺពីថ្នាក់ដឹកនាំខេត្តស្វាយរៀងបានទេ នៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

យ៉ាងណាក៏ដោយលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងទៅកាន់សមាជិកក្រុមប្រឹក្សាក្រុងស្វាយរៀង ដែលទើបតែប្រកាសថ្មីៗកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ថា នៅពេលខាងមុខនេះ នឹងមានការផ្លាស់ប្តូរអភិបាលស្រុកចំនួន៣ ក្នុងនោះក៏មានការកែសម្រួល ផ្លាស់ប្តូរអភិបាលរងស្រុកក្រុងមួយចំនួនទៀតផងដែរ ហើយយុវជននឹងអាចក្លាយជាអ្នកដឹកនាំ តាមបណ្តាស្រុកមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធភាពការងារឲ្យកាន់តែរលូន។

បើយោងតាមមន្ត្រីសាលាស្រុកចន្ទ្រា បានបង្ហើបឲ្យដឹថា ពិតជាមានការផ្លាស់ប្តូរអភិបាលស្រុកចន្ទ្រាពិតប្រាកដមែន គឺប្រកាសនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ៕