(ព្រះសីហនុ-ភ្នំពេញ)៖ ក្រោយពីបានចាត់ឱ្យមន្ត្រីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពជនរងគ្រោះ ទាំង ២៨នាក់ ដល់ស្រុកកំណេីត ដែល បានស្លាប់ដោយការបាក់រលំអគាររួចមក នៅថ្ងៃអង្គារ ទី ២៥ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់ឱ្យមន្ត្រីបន្តចុះសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារ ថវិកា ទៅផ្តល់ជូនដល់អ្នករងរបួសចំនួន ២៥នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខេត្តព្រះសីហនុ ដែលក្នុងនោះ ម្នាក់ៗ ទទួលបាន ថវិកា ឧបត្ថម្ភ ១០០ដុល្លារអាមេរិក ជាព្រះរាជអំណោយរបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ព្រមទាំងថវិកា ២លានរៀល ទៀត រួមនឹងទឹកដោះគោស្រស់ ២ប្រអប់ មុង១ ភួយ១ សារុង១ និងក្រមា១ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ។

ដោយឡែក អ្នករបួសធ្ងន់ ១នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ រាជធានីភ្នំពេញ ទទួលបាន ថវិកា ឧបត្ថម្ភ ៥០០ដុល្លារ ជាព្រះរាជអំណោយ របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងថវិកា ៥លាន រៀល រួមជាមួយនឹងទឹកដោះគោស្រស់ ២ប្រអប់ មុង១ ភួយ១ សារុង១ និងក្រមា១ ជាអំណោយរបស់កាកបាទក្រហមកម្ពុជា ។

សូមបញ្ជាក់ថា ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមសម្តែងនូវការសោកស្តាយជាពន់ពេក ចំពោះសោកនាដកម្មដែលជារឿងដ៏ឈឺចាប់បំផុត ជាពិសេសក្រុមគ្រួសារអ្នកដែលបាន បាត់បង់ជីវិត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធសពជនរងគ្រោះទាំងអស់ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡេីយ ។

ជាមួយគ្នានេះ សូមលេីកទឹកចិត្តដល់អ្នករងរបួសទាំងអស់ខិតខំយកចិត្តទុកដាក់ព្យាបាល អនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បេីយវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ៕