(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ជឿជាក់ថា បញ្ហាវិនិយោគរបស់ចិនកំពុងក្លាយទៅជារបៀបវារៈនយោបាយ ដែលក្រុមប្រឆាំងបានញុះញង់ចោទប្រកាន់ មកលើរាជរដ្ឋាភិបាលកម្ពុជា។ បញ្ហានេះសម្តេចបានថ្កោលទោស ចំពោះក្រុមប្រឆាំងទាំងនោះ ដែលព្យាយាមបំផ្លាញដល់ទំនាក់ទំនង និងការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន ក្រោយបិទបញ្ចប់ប្រតិបត្តិការរុករកជនរងគ្រោះ ដោយករណីរលំបាក់អគារកម្ពស់៧ជាន់ វិនិយោគដោយជនជាតិចិននៅក្នុងខេត្តព្រះសីហនុ សម្តេចតេជោ ហ៊ុន សែន បានរិះគន់យ៉ាងខ្លាំងចំពោះក្រុមប្រឆាំង និងសម្ព័ន្ធមិត្តរបស់ពួកគេ ដែលបានវាយប្រហារជាបន្តបន្ទាប់ ចំពោះទំនាក់ទំនង និងការវិនិយោគរបស់ចិននៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «បញ្ហានេះបានក្លាយទៅជាបញ្ហានយោបាយរបស់ពួកប្រឆាំងទេ អស់លោកគិតមើល ចិន ឬអាមេរិក ឬអង់គ្លេស ឬបារាំង បើសិនជាមានឧបទ្ទហេតុ វាដូចតែគ្នាទេ មិនថាជាតិណា ឬជាតិណា បញ្ហាធំ គឺត្រូវប្រមូលអ្នកវិនិយោគទាំងអស់ចូលមកកម្ពុជា ប៉ុន្តែត្រូវអនុវត្តតាមច្បាប់របស់កម្ពុជា អញ្ចឹងខ្ញុំបានស្តាប់ឮច្រើនពេកហើយ ដែលថា ចិនមកដាក់អាណានិគមន៍តាមរយៈការវិនិយោគ អញ្ចឹងអ្នកទាំងអស់គ្នាដឹងទេ ពិភពលោកត្រូវការចិនទៅវិនិយោគក្នុងប្រទេសរបស់គេ ឯងយើងមានភ័ព្វសំណាងដែលយើងបានទាញអ្នកវិនិយោគចិន ចូលមកប្រទេសរបស់យើង ប៉ុន្តែអ្នកដែលមិនចង់ឱ្យយើងមានការរីកចម្រើនខ្លះ គេថានេះជាអន្ទាក់បំណុលរបស់ចិន នេះជាអាណានិគមន៍របស់ចិន នេះជាកន្លែងលក់ដីឱ្យចិន ប៉ុន្តែខ្ញុំគ្រាន់តែសួរបញ្ជាក់ថា អ្នកនៅខេត្តព្រះសីហនុ បានទទួលផលប៉ុណ្ណាទៅពីការវិនិយោគ ពិតមែនហើយថា នៅពេលមានការសាងសង់មានការធ្វើផ្លូវ ប៉ុន្តែនៅពេលមានការសាងសង់រួចហើយ ទីក្រុងព្រះសីហនុ នឹងក្លាយទៅជាប៉ូលឆ្នេរសមុទ្រមួយដ៏ធំ ដែលមិនតូចតាចនោះទេ»

សម្តេចតេជោ ហ៊ុន សែន បានឱ្យអ្នកដែលរិះគន់កម្ពុជា ជុំវិញការវិនិយោគរបស់ចិននេះ មើលទៅលើប្រទេសអេស្បាញ ដែលជាប្រទេសដែលឈានមុខមួយបែរជាយក 5G របស់ចិនទៅប្រើប្រាស់ តើនៅពេលដែលសហការជាមួយចិននេះ ជាអាយ៉ងរបស់ចិនឬទេ? សម្តេចបញ្ជាក់ថា៖ វាច្បាស់ទេ ម្នាក់ៗរកស៊ីជាមួយចិន ប៉ុន្តែពួកគេអត់មានកំហុសទេ តែខ្មែររកស៊ីជាមួយចិនបែរជាមានរឿង អញ្ចឹងវាអត់យុត្តិធម៌សម្រាប់កម្ពុជាទេ»។

សម្តេចពន្យល់ថា «អ្នកមកគ្រោះថ្នាក់ស្រុកខ្មែរ មិនមែនមានតែជនជាតិចិនទេ ជនបរទេសដទៃទៀត មករំលោភកូនស្រីកខ្មែរ ដែលកំពុងជាប់គុកនៅកម្ពុជា ម្តេចមិនយកមកនិយាយផង ជនបរទេសដទៃទៀត ដែលជាជនស្បែកស នាំគ្រឿងញៀនចូលស្រុកខ្មែរ ម៉េចមិននាំគ្នានិយាយផង ម៉េចបាននាំគ្នានិយាយតែពីចិន»

សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តទៀតថា «យើងត្រូវការទេសចរចិន ថៃគេទទួលបានដល់ទៅ ១០លាននាក់ យើងទើបនឹងទទួលបានទេសចរចិនជាង ២លាននាក់ ក្នុងគោលដៅ ៥លាននាក់ នៃទេសចរចិន។ គ្រាន់តែទេសចរចិន យើងអាចធ្វើការនាំចេញនៅហ្នឹងកន្លែងនូវភោគផលកសិកររបស់យើង ព្រោះទេសចរបើសិនជាបាន ៥លាននាក់មកកម្ពុជា ទេសចរចិននេះ មិនវេចអង្ករមកស៊ីទេ តែស៊ីអង្ករខ្មែរ ដូច្នេះនោះហើយជាការអភិវឌ្ឍរបស់យើង មិនត្រឹមមើលឃើញតែ១ដុំ បើក្រុងព្រះសីហនុ គ្មានវិនិយោគចិនទេ សួរថាយើងមានសំណង់ខ្ពស់ៗយ៉ាងដូច្នេះទេ ចំណុចនេះ កុំយកបញ្ហាតូចមួយឱ្យក្លាយទៅជាភ្លើងអគ្គិភ័យ បំផ្លាញនូវទំនាក់ទំនង បំផ្លាញនូវបរិយាកាសវិនិយោគ ដែលយើងខិតខំទាក់ទាញយក អ្នកណាខុស ត្រូវការចាត់ការតាមផ្លូវច្បាប់ សូម្បីតែអគ្គរដ្ឋទូតចិន ក៏បានប្រកាសរួចហើយ ឱ្យអនុវត្តតាមច្បាប់កម្ពុជា»