(ភ្នំពេញ)៖ គ្រឿងញៀនជាច្រើនប្រភេទចំនួនជាង២តោន នឹងត្រូវដុតបំផ្លាញចោល ក្នុងទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៩ស្អែកនេះ នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ។ នេះបើតាមលោក មាស វីរិទ្ធ អគ្គលេខាធិការ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បញ្ជាក់ប្រាប់មកអង្គភាព ព័ត៌មាន Fresh News នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩។

មន្ត្រីជានខ្ពស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ទៀតថា គ្រឿងញៀនជាង២តោន ដែលត្រូវដុតបំផ្លាញចោលនោះ រួមមាន៖ ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម, ពីរ៉ូវ៉ាឡេរ៉ូន (ថ្នាំគ្រាប់), ពីរ៉ូវ៉ាឡេរ៉ូន (ម្សៅម៉ដ្ឋ)។

លោក មាស វិរិទ្ធ បានបញ្ជាក់ថា ទិវាប្រឆាំងគ្រឿងញៀនអន្តរជាតិ ដែលរៀបចំធ្វើឡើងនាថ្ងៃស្អែកនេះ នឹងរៀបចំធ្វើឡើងក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តំណាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោក មាស វិរិទ្ធ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំអង្គការសហប្រជាជាតិ (អ.ស.ប) បានកំណត់យកថ្ងៃទី២៦ ខែមិថុនា ជាថ្ងៃទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយតម្រូវឲ្យប្រទេសជាសមាជិក រៀបចំទិវានេះ ទៅតាមប្រធានបទរៀងៗខ្លួន ស្របតាមបរិបទនៃការគំរាមកំហែង ដោយបញ្ហាគ្រឿងញៀន។

ជាមួយគ្នានោះ លោក មាស វិរិទ្ធ បានគូសបញ្ជាក់ថា «ទិវានេះធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ បានជ្រួតជ្រាបពីគ្រឿងញៀន ដែលបង្កគ្រោះថ្នាក់ និងហានិភ័យដល់សុខភាពសន្តិសុខសណ្តាប់ធ្នាប់ នៃការអភិវឌ្ឍជាតិរបស់ខ្លួន»។

សូមបញ្ជាក់ថា នៅរយៈពេល២ឆ្នាំចុងក្រោយនេះ ពោលគឺនៅឆ្នាំ២០១៧ និង២០១៨ រាជរដ្ឋាភិបាលកម្ពុជា បានដុតកម្ទេចចោលគ្រឿងញៀន និងកញ្ឆាជាង៦០០គីឡូក្រាម៕