(ភ្នំពេញ)៖ លោកស្រីកិតិ្តសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភាកម្ពុជា ព្រមទាំងក្រុមគ្រួសារនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុដ៏សោកសង្រេង ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងសារលិខិតរំលែកទុក្ខ លោកស្រីកិតិ្តសង្គហបណ្ឌិត ឃួន សុដារី និងក្រុមគ្រួសារ ពិតជាមានសេចក្តីរន្ធត់តក់ស្លុត និងសោកស្តាយយ៉ាងក្រៃលែងបំផុតបំពោះសោកនាដកម្ម នៃការបាក់រលំអគារកម្ពស់ ៧ជាន់ នៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសដល់កម្មករ កម្មការិនី ជាច្រើននាក់ ដែលកំពុងបម្រើការងារនៅក្នុងការដ្ឋាននោះ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ។

តាងនាមឱ្យក្រុមគ្រួសារទាំងមូល សូមចូលរួមសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុតជាមួយក្រុមគ្រួសារសពទាំងអស់ និងសូមបួងសួងឱ្យដួងវិញ្ញាណក្ខន្ធ អ្នកដែលបានបាត់បង់ជីវិតទាំងអស់នោះ បានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ព្រមទាំងជូនពរដល់បងប្អូនជនរងគ្រោះទាំងអស់ ដែលកំពុងសម្រាកព្យាបាលរបួស សូមឆាប់បានជាសះស្បើយ ដើម្បីវិលមកប្រកបជីវភាពជាប្រក្រតីវិញ៕