(រតនគិរី)៖ អង្គការក្តីករុណា នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានរៀបចំកម្មវិធីពិព័រណ៍ចល័តគម្រោងផ្កាស្លា និងកិច្ចពិភាក្សាអន្តរជំនាន់ស្តីពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ក្នុងរបបខ្មែរក្រហម ក្នុងគោលបំណងចម្បង គឺដើម្បីផ្សព្វផ្សាយអំពីបទពិសោធន៍នានា របស់អ្នករស់រានមានជីវិតពី របបខ្មែរក្រហម ទាក់ទងនឹងអំពើហិង្សាផ្លូវភេទ និងយេនឌ័រ ជាពិសេសការរៀបការនៅក្នុងសម័យកម្ពុជា ប្រជាធិបតេយ្យ គិតចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ស្ថិតនៅវត្តឥសាន្តរតនារាម ស្ថិតភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ការរៀបចំតាំងពិព័រណ៍ចល័តគម្រោងផ្កាស្លា និងកិច្ចពិភាក្សាអន្តរជំនាន់ ធ្វើឡើងក្រោមវត្តមានលោក មួង ប៉ាង អភិបាលខេត្តស្តីទី ខេត្តរតនគិរី ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក ទឹម មិនា នាយកអង្គការក្តីករុណា និងលោក-លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត មេបុស្តិ៍ មេភូមិចៅសង្កាត់ នាយកសាលា សិស្សានុសិស្ស បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

នៅក្នុងឱកាសនោះដែរ លោក មួង ប៉ាង បានគាំទ្រ និងលើកទឹកចិត្តដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសិស្សានុសិស្ស និងយុវជនទាំងអស់ បានចូលរួមសិក្សាស្វែងយល់ អំពីប្រវត្តិសាស្រ្ត ដ៏ជូរចត់មួយនេះ សម្រាប់ជាចំណេះដឹង និងទប់ស្កាត់កុំឱ្យមានរបបនេះកើតឡើងសារជាថ្មីទៀត។ ទន្ទឹមនេះយើងអាចចូលរួមចំណែកគាំទ្រ ដល់ជនរងគ្រោះ និងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម ដែលពួកគាត់ភាគច្រើន ត្រូវទទួលរង នូវការរំលោភបំពាន ការបង្ខំឱ្យធ្វើការលើសកម្លាំង ការធ្វើទារុណកម្មនានា ការលុបបំបាត់សាសនា ការបាត់បងសាច់ញាតិ ជាទីស្រឡាញ់ជាដើម ដើម្បីឱ្យពួកគាត់មានអារម្មណ៍ធូស្បើយនិងប្រសើរឡើង។

លោក មួង ប៉ាង បានបន្តថា ក្រោយរំដោះថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ រដ្ឋាភិបាលកម្ពុជា បានខិតខំស្តារ និងកសាងប្រទេសជាតិពីចំណុចសូន្យ រហូតស្ថានភាពបច្ចុប្បន្ន បានកសាងផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ និងជួយបង្កើតឱ្យមានសមធម៌ក្នុងសង្គម ព្រោះថាក្នុងសម័យនោះ សម្បូរទៅដោយស្រ្តីមេម៉ាយពោះម៉ាយ ក្មេងកំព្រាគ្មានទីពឹងជាដើម។

លោក ទឹម មិនា បានថ្លែងថា ការរៀបចំកម្មវិធីពិព័រណ៍ចល័តគម្រោងផ្កាស្លា និងកិច្ចពិភាក្សាអន្តរជំនាន់ស្តីពី អំពើហិង្សាផ្លូវភេទ និងយេនឌ័រ ក្នុងរបបខ្មែរក្រហម ដែលជាគម្រោងស្នើសុំសំណង ក្នុងសំណុំរឿង ០០២/០២ ដោយផ្តោតទៅលើការរៀបការក្នុងរបបខ្មែរក្រហម ដែលបានដាក់ជូនទៅកាន់សាលាក្តីខ្មែរក្រហម និងដែលបានរៀបចំឡើងដោយអង្គការក្តីករុណា ក្នុងទឹកដីក្រុងបានលុង ខេត្តរតនគិរី នាពេលនេះ។

លោក ទឹម មិនា បានបន្តថា របបខ្មែរក្រហម គឺជារបបមួយដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានប្រជាជនជាច្រើនបានស្លាប់បាត់បង់ជីវិត និងអ្នករស់រានមានជីវិតបានរងការ ប៉ះទង្គិចផ្លូវចិត្តរហូតដល់បច្ចុប្បន្ន។ ម្យ៉ាងវិញទៀតជាឱកាសដ៏ល្អមួយសម្រាប់យុវជន ដើម្បីស្វែងយល់អំពីរឿងរ៉ាវពិត ដែលបានកើតឡើង កាលពីសម័យខ្មែរក្រហម តាមរយៈការចែករំលែកបទពិសោធន៍ផ្ទាល់ពីអ្នករស់រានមានជីវិត និងផ្តល់ការគាំទ្រដល់ពួកគាត់ ក៏ដូចជាចូលរួមទប់ស្កាត់កុំឱ្យមានអំពើហិង្សា ក្នុងឧក្រិដ្ឋកម្មកើតឡើងសារជាថ្មី។

លោកបន្ថែមទៀតថា របបកម្ពុជាប្រជាធិបតេយ្យ ឬរបបខ្មែរក្រហម ជារបបមួយដែលបានរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងមានប្រជាជន ប្រមាណ៣លាននាក់ បានស្លាប់បាត់បង់ជីវិត និងអ្នករស់រានមានជីវិត បានរងការប៉ះទង្គិចផ្លូវចិត្តរហូតដល់បច្ចុប្បន្ន ហើយជាការពិតណាស់ ដោយការលះបង់ ដ៏ធំធេងមិនគិតពីអាយុជីវិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឥស្សរជនបានលះបង់គ្រប់បែបយ៉ាង ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនឱ្យចេញពីរបបដ៏ខ្មៅងងឹតនេះ ហើយបានបង្កើតនូវនយោបាយឈ្នះ-ឈ្នះ ដែលជាមូលហេតុចម្បង ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្តិភាព និងមានការអភិវឌ្ឍន៍ ដូចពេលបច្ចុប្បន្ននេះ។

បន្ថែមពីនេះ លោក ទឹម មិនា បានលើកឡើងថា អង្គការក្តីករុណា គឺជាអង្គការក្រៅរដ្ឋាភិបាល ក្នុងស្រុកមួយដែលបានចុះបញ្ជី នៅក្រសួងមហាផ្ទៃ និងអនុវត្តន៍ការងារតាំងពីឆ្នាំ២០០៥ នៅតាមបណ្តាខេត្តសរុបចំនួន២១ខេត្ត ដោយផ្តោតលើការងារកសាងសន្តិភាព និងផ្សព្វផ្សាយប្រវត្តិសាស្រ្ត ខ្មែរក្រហម ដោយផ្អែកលើចំណុចសំខាន់៣គឺ ភាពសម្រុះជាតិសាសន៍ សមភាព និងសេចក្តីថ្លៃថ្នូរ។

ជាក់ស្តែងអង្គការក្តីករុណា បាននឹងកំពុងអនុវត្តន៍កម្មវិធីធំៗចំនួនពីរ គឺទី១៖ ការផ្សព្វផ្សាយប្រវត្តិសាស្រ្តខ្មែរក្រហម និងយុត្តិធម៌ និងទី២៖ កិច្ចពិភាក្សាអន្តរជំនាន់ជាមួយអន្តរជាតិ ដោយមានគម្រោងចំនួនបួន ដើម្បីកិច្ចសន្ទនាអន្តរជំនាន់ក្នុងគ្រួសារអំពីអំពើហិង្សាផ្លូវភេទ និងយេនឌ័រក្នុងរបបខ្មែរក្រហម និងការជាសះស្បើយ និងផ្សះផ្សាររបស់ជនរងគ្រោះពីអំពើទារុណកម្មក្នុងរបបខ្មែរក្រហម៕