(ព្រះសីហនុ)៖ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង០៤៖១៥នាទី រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ រកឃើញមនុស្សចំនួន៤នាក់ទៀតហើយ ប៉ុន្ដែ២នាក់បានបាត់បង់ជីវិត ដែលធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២៨នាក់ និងអ្នករបួស២៦នាក់ នៅក្នុងគំនរបាក់បែកនៃអគារ។

តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៥៤នាក់ ក្នុងនោះស្លាប់ចំនួន២៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៦រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ៕