(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក គុជ គឹមឡុង បានសម្រេចចោទប្រកាន់លោកឧកញ៉ា សុខ ប៊ុន និងមន្ដ្រីអាជ្ញាធរសង្កាត់កោះរ៉ុង ចំនួន៥នាក់ផ្សេងទៀត ពាក់ព័ន្ធការរំលោភដីខុសច្បាប់ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ មុនបញ្ចូនសំណុំរឿងនេះ ទៅចៅក្រមស៊ើបសួរចាត់វិធានការតាមផ្លូវច្បាប់។

ជនសង្ស័យទាំង៦នាក់ ត្រូវបានចោទប្រកាន់នោះរួមមាន៖

*ទី១៖ ឈ្មោះ អ៊ុង និត ប្រធានក្រុមប្រឹក្សា ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
*២៖ ឈ្មោះ សេង ហួលាង ចៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
*៣៖ ឈ្មោះ ហែម សាឡេះ សមាជិកក្រុមប្រឹក្សាសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
*៤៖ ឈ្មោះ កែ សោម ចៅសង្កាត់រងទី២ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
*៥៖ ឈ្មោះ កែវ ពៅ មេភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ
*៦៖ ឈ្មោះ សុខ ប៊ុន អគ្គនាយក សុខ ប៊ុន គ្រុប។

តំណាងអយ្យការបានចោទប្រកាន់ឈ្មោះ អ៊ុង និត ពីបទ «បំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត, វីតិក្រម, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈ ក្លែងប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា»

ដោយឡែកឈ្មោះ សេង ហូលាង, ឈ្មោះ ហែម សាឡៈ, ឈ្មោះ កែវ សោម, ឈ្មោះ កែវ ពៅ ពីបទ «បំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត, ក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៦០១, ៥៩២, ៥៩៣, ៦២៩ និង៦៣០ ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»

រីឯឧកញ៉ា សុខ ប៊ុន ពីបទ «ក្លែងបន្លំឯកសារសាធារណៈ, ប្រើប្រាស់ឯកសារសាធារណៈក្លែង និងផ្តើមគំនិតក្នុងអំពើបំផ្លាញដោយចេតនា និងតៃបំបាត់ដោយទុច្ចរិត ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រងកោះរ៉ុង ខេត្តព្រះសីហនុ កាលពីអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩ តាមបញ្ញត្តិមាត្រា ៦២៩, ៦៣០ និង ២៨ (៦០១) ក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា»

សូមបញ្ជាក់ថា ឧកញ៉ា សុខ ប៊ុន រួមជាមួយមន្ដ្រីអាជ្ញាធរ ៥នាក់ទៀត នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ត្រូវបានកម្លាំងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឃាត់ខ្លួន និងបានបញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ពាក់ព័ន្ធការរំលោភយកដីរដ្ឋ និងក្លែងលិខិតបន្លំយកដីអ្នកដទៃ នៅសង្កាត់កោះរ៉ុង ចន្លោះឆ្នាំ២០១៦-២០១៩។

មន្ដ្រីស៊ើបអង្កេតអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា «នេះករណី ប៉ះពាល់ទ្រព្យសម្បត្តិរដ្ឋធ្ងន់ធ្ងរ ជាការបំផ្លាញដោយចេតនា និងគៃបំបាត់ដោយទុច្ចរិត, ការរំលោភអំណាច ប្រព្រឹត្តកាលពីអំឡុង ឆ្នាំ២០១៦-២០១៩ នៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ មន្ត្រីនៅកោះរុង ៥នាក់ និងអ្នករកស៊ីម្នាក់គឺឧកញ៉ា សុខ ប៊ុន ត្រូវបានជាប់អង្កេត និងត្រូវបានបញ្ជូនទៅតុលាការព្រឹកនេះ ក្រោយ អ.ប.ព ឃាត់ខ្លួនស្តាប់ចម្លើយ៧២ម៉ោង»