(ភ្នំពេញ)៖ ក្រោយពីសុំលាលែងពីតំណែងអភិបាលខេត្តព្រះសីហនុ បន្ទាប់ពីមានករណីរលំបាក់អគារសង្កត់មនុស្សស្លាប់ និងរបួសរាប់សិបនាក់ លោក យន្ត មីន បានបង្ហោះសារមួយសម្តែងនូវការសោកស្តាយ និងសុំអភ័យទោស។

ក្នុងសាររបស់លោក យន្ត មីន ដែលបង្ហោះលើ Facebook នៅរសៀល ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ គឺលោកសុំការយោគយល់ពីបងប្អូនប្រជាពលរដ្ឋទាំងអស់ បើការដឹកនាំកន្លងមកមានការខុសឆ្គងដោយប្រការណា១នោះ។

លោក យន្ត មីន បានសរសេរយ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមគោរពបងប្អូនអ្នកខេត្តព្រះសីហនុជាពិសេសបងប្អូនរងគ្រោះក្នុងហេតុការណ៍អគារ៧ជាន់រលំនាថ្ងៃទី២២កន្លងមក ខ្ញុំពិតជាមានការសោកស្តាយ និងសុំចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយគ្រួសារនៃសព។ ខ្ញុំបានជួបសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីសុំការអភ័យទោសពីលោក និងសុំលាលែងចេញពីតំណែងអភិបាលខេត្តព្រះសីហនុ»

ពាក់ព័ន្ធនឹងរឿងសុំលាលែងពីតំណែងនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតហើយ។ សម្តេចបានសម្រេចផ្ទេរលោក គួច ចំរើន ពីអភិបាលខេត្តកំពង់ចាម ឱ្យមកធ្វើជាអភិបាលខេត្តព្រះសីហនុ ជំនួសលោក យន្ត មីន។

ទន្ទឹងនឹងករណីរលំបាក់អគារនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដកតំណែងលោក ញឹម វណ្ណដា ពីទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវ និងភូតភរ៕