(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីលទ្ធផលនៃការអញ្ជើញចូលរួមកិច្ច ប្រជុំកំពូលអាស៊ាន លើកទី៣៤ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅទីក្រុងបាងកក ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។

នៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ដឹកនាំអាស៊ានបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការជំរុញភាពជាដៃគូសម្រាប់ចីរភាព ដើម្បីសម្រេចបាននូវសហគមន៍អាស៊ានមួយ ដែលយកចិត្តទុកដាក់ និងផ្តោតលើប្រជាជនដោយមិនបំភ្លេចនរណាម្នាក់។

នៅក្នុងបរិយាកាសតំបន់ និងសកលលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ក៏ដូចជាការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា នវានុវត្ត ឌីជីថល ថ្នាក់ដឹកនាំអាស៊ានបានឯកភាពលើកកម្ពស់ កិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិតនានា និងការកសាងប្រព័ន្ធអ៊ីនធឺណិតមួយប្រកបដោយសុវត្ថិភាព សន្តិសុខ និងធន់រឹងមាំ ដែលគាំទ្រដល់សេដ្ឋកិច្ចឌីជីថលក្នុងតំបន់អាស៊ាន។

បើតាមសេចក្ដីប្រកាសព័ត៌មាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូល ដោយគូសបញ្ជាក់នូវចំណុចសំខាន់ៗ

រួមមាន៖ ទី១៖ អាស៊ានត្រូវបន្តការពារ និងពង្រឹងមជ្ឈភាព និងឯកភាពរបស់ខ្លួន, ទី២៖ ដំណើរឆ្ពោះទៅមុខក្នុងការកសាងសហគមន៍អាស៊ាន, ទី៣៖ ភាពចាំបាច់នូវឆន្ទៈនយោបាយដ៏មោះមុត សំដៅជំរុញឲ្យការចរចារកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RECP) បានបញ្ចប់តាមការគ្រោងទុក នៅក្នុងឆ្នាំ២០១៩, ទី៤៖ ភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់បន្ថែមទៀត ដើម្បីសម្រេចបាននូវកិច្ចប្រឹងប្រែងសមាហរណកម្មតំបន់តាមរយៈការអនុវត្តដោយប្រសិទ្ធិភាពនូវផែនការការងារដំណាក់កាលទី៣ (IAIWork Plan III), ទី៥៖ សារៈសំខាន់ នៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន, ទី៦៖ ការងាររបស់មជ្ឈមណ្ឌលអាស៊ានសម្រាប់សកម្មភាពមីន (ARMAC) និងទី៧៖ បណ្តាញទីក្រុងឆ្លាតអាស៊ាន៕

សូមអានខ្លឹមសារ នៃសេចក្ដីប្រកាសព័ត៌មាននៅខាងក្រោមនេះ៖