(ភ្នំពេញ)៖ ស្ថានទូតចិនប្រចាំនៅប្រទេសកម្ពុជា តាមរយៈសាររំលែកទុក្ខ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសាររំលែកទុក្ខដល់គ្រួសារជនរងគ្រោះដោយរលំបាក់អគារនៅខេត្តព្រះសីហនុ និងបង្ហាញការគាំទ្រឱ្យស៊ើបអង្កេត ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយ ដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុ រលំបាក់អគារនៅខេត្តព្រះសីហនុ

សារលិខិតរបស់ស្ថានទូតចិន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «បច្ចុប្បន្ន ជនជាតិចិនដែលពាក់ព័ន្ធនឹងឧបទ្ទេវហេតុលើកនេះ ត្រូវកម្លាំងសមត្ថកិច្ចកម្ពុជាឃាត់ខ្លួនបានហើយ ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជាដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ»។

ក្រៅពីបង្ហាញការគាំទ្រចំពោះវិធានការរបស់កម្ពុជា ស្ថានទូតចិន ក៏មានអារម្មណ៍ក្ដុកក្ដួលសោកស្ដាយជាពន់ពេក និងសូមបួងសួងឲ្យវិញ្ញាណក្ខន្ធជនរងគ្រោះដែលបាត់បង់ជិវិតបានទៅកាន់សុគតិភព សូមចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផង។ ជាមួយគ្នានេះដែរ សូមជូនពរឲ្យជនរងគ្រោះដែលកំពុងទទួលការព្យាបាលបានជាសះស្បើយក្នុងពេលឆាប់ៗ។

ក្រោយឧបទ្ទេវហេតុកើតឡើង ស្ថានទូតចិនប្រចាំកម្ពុជាបានទំនាក់ទំនងផ្ទាល់ជាមួយសភាពាណិជ្ជកម្មចិននៅកម្ពុជា និងសហគ្រាសចិននៅខេត្តព្រះសីហនុជាបន្ទាន់ ដើម្បីរៀបចំកម្លាំងជំនួយ និងសម្ភារៈ ចាត់ចែងគ្រឿងចក្រអេស្កាទ័រខ្នាតធំជាដេីម ចូលរួមក្នុងសកម្មភាពសង្រ្គោះឲ្យបានទាន់ពេល។ តាមដំណឹងទទួលបាន សភាពាណិជ្ជកម្មចិននៅកម្ពុជាមកទល់នឹងពេលនេះកំពុងសម្របសម្រួលកិច្ចការសង្រ្គោះជាបន្តបន្ទាប់នៅទីនោះ។

សូមបញ្ជាក់ថា កាលពីវេលាទាបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីរលំបាក់សំណង់អគារកម្ពស់៧ជាន់មួយ នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលអគារនេះ ត្រូវបានក្រសួងរៀបចំដែនដីអះអាងថា មិនមានច្បាប់អនុញ្ញាតឱ្យសាងសង់ទេ។

គិតត្រឹមម៉ោង៨៖៤០នាទីយប់ថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់១៩នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕