(កណ្តាល)៖ លោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានលើកឡើងថា រាជរដ្ឋាភិបាលមានគោលនយោបាយគាំពារសង្គមច្បាស់លាស់ចំពោះប្រជាពលរដ្ឋ ដោយមានការយកចិត្តទុកដាក់ខ្ពស់ ក្នុងការថែទាំសុខភាពជាប្រចាំ ពីព្រោះសុខភាពជាកត្តាចម្បង និងសំខាន់បំផុតសម្រាប់មនុស្សយើងគ្រប់គ្នា។ លោកបន្តថា ប្រជាពលរដ្ឋ ត្រូវរស់នៅស្អាត ហូបស្អាត ដើម្បីជៀសឲ្យឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ ហើយនៅពេលដែលបងប្អូនប្រជាពលរដ្ឋមានសុខភាពល្អនោះ នឹងអាចចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។ ជាពិសេស ប្អូនៗ ក្មួយៗ ដែលមានកូនតូចៗ ដែលជាទំពាំងស្នងឫស្សី ត្រូវធ្វើយ៉ាងណាបង្កាឲ្យបានខ្ពស់បំផុត ពីព្រោះថា រដូវនេះជារដូវក្តៅ ដូចច្នេះកំដៅមាន ការកើនឡើងខ្លាំង មិនថាតែមនុស្សចាស់នោះទេ កូនតូចៗក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ ដូចច្នេះយើងត្រូវតាមដានឲ្យបានជាប់លាប់។

លោក ម៉ម ប៊ុននាង លើកឡើងបែបនេះ ខណៈលោកបានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយនឹងស្ត្រីដែលមានកូនតូចៗចំនួន៥៦គ្រួសារ ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃអាទិត្យទី២៣ ខែមិថុនា ឆ្នាំ២០១៩។

លោកបានបញ្ជាក់ថា ការផ្តល់សេវាសាធារណៈគឺជាតម្រូវការយ៉ាងសំខាន់សម្រាប់បម្រើជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ជាពិសេសគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ឲ្យសកម្មភាពនៅគ្រប់មូលដ្ឋានតាមលក្ខណសម្បត្តិទាំង៩គឺ គ្មានសកម្មភាពលួច ឆក់ ប្លន់គ្រប់ប្រភេទ គ្មានការដាំដុះ ការផលិត ការចរាចរណ៍ ការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀន គ្មានអំពើរអនាចារ ការជួញដូរស្ត្រី និងកុមារ និងអំពើរហិង្សាក្នុងគ្រួសារ គ្មានក្មេងទំនើង គ្មានការលេងល្បែងស៊ីសងខុសច្បាប់ គ្មានការប្រើប្រាស់អាវុធខុសច្បាប់ និងបទល្មើសគ្រប់ប្រភេទ គ្មានគ្រោះថ្នាក់ចរាចរណ៍ គ្មានគ្រោះថ្នាក់ដោយសារអាវុធយុទ្ធភណ្ឌមុនទាន់ផ្ទុះ និងមានវិធានការស្រាវជ្រាវទប់ស្កាត់ ឆ្លើយតបចំពោះគ្រោះមហន្តរាយប្រកបដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ លោក ម៉ម ប៊ុននាង បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពី សភាពការណ៍បច្ចុប្បន្នរបស់ប្រទេសជាតិ និងស្នើអោយប្រជាពលរដ្ឋ កុំជឿលើការឃោសនារបស់ គណបក្សនយោបាយ និងព័ត៌មានមិនពិត ដែលបង្កអោយមានអស្ថិរភាពនៅក្នុងសេដ្ឋកិច្ច សង្គមជាតិ។ សូមបងប្អូនប្រជាពលរដ្ឋ ត្រូវជឿជាក់លើរាជរដ្ឋាភិបាលបច្ចុប្បន្ន ដែល តែងតែគិតគូរពីសុខសន្តិភាព ស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។

ជាមួយគ្នានោះដែរ លោក ម៉ម ប៊ុននាង បាននាំយកអំណោយមកចែកជូនដល់ស្រ្តី ដែលមានកូនតូចចំនួន៥៦គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន សារុង០១ ត្រីខ ០១ឡូ ទឹកស៊ីអីវ០១យួរ ទឹកត្រី០១យួរ ប៊ីចេងកន្លះគីឡូក្រាម អំបិល០១គីឡូក្រាម មី០១កេស និង ថវិកាចំនួន១០ម៉ឺនរៀល ដែរមកពីភូមិក្បាលសេះ ភូមិក្រាំងធ្មៃ ភូមិចារ ភូមឈើនាង ភូមិស្វាយកើត ភូមិស្វាយលិច ភូមិលៀក ភូមិគោកព្រីង និងភូមិគោកត្រប់ នៅឃុំគោកត្រប់ ស្រុកកណ្តាល ខេត្តកណ្តាល ដែលចំណាយថវិកាសរុបអស់ ១២,០០០,០០០រៀល។

បន្ទាប់ពីអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខស្រ្តី ដែលមានកូនតូចៗរួចមក ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញបានដឹកនាំក្រុមបច្ចេកទេសសាងសង់ផ្លូវ ចុះត្រួតពិនិត្យផ្លូវខូចខាតមួយខ្សែ និងត្រៀមសាងសង់ឡើងវិញក្នុងពេលឆាប់ៗនេះ។

គួរបញ្ជាក់ថា គម្រោងផ្លូវដែលធ្វើការសាងសង់ឡើងវិញនេះ មានទទឹង៥ម៉ែត្រ បណ្តោយ ១០០៧ម៉ែត្រ ចាក់ថ្មមិច កំរាស់១.៥០តឹក ស្ថិតនៅក្នុងភូមិគោកព្រីង និងភូមិក្រាំងថ្មី ដែលនឹងចំណាយថវិកាសរុបចំនួន២០,០០០,០០០រៀល ស្ថិតក្នុងឃុំគោកត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕