(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតជួបពិភាក្សាការងារត្រីភាគីជាមួយនាយករដ្ឋមន្ត្រីឡាវ លោក ថងលួន ស៊ីសូលីត និងនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ៊្វុក។

ក្នុងជំនួបអាហារពេលព្រឹកមុនចាប់ផ្តើមកិច្ចប្រជុំកំពូលអាស៊ាននេះ នាយករដ្ឋមន្ត្រីនៃប្រទេសភូមិផងរបងតែមួយទាំង៣រូប បានផ្លាស់ប្តូរទស្សនៈ និងមតិមួយចំនួនទាក់ទិនទៅនិងការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ។ ជាពិសេសទាក់ទិនទៅការអភិវឌ្ឍក្នុងតំបន់ត្រីកោណ ដែលជាតំបន់ជាប់ព្រំដែននៃប្រទេសទាំងបី។

នាយករដ្ឋមន្ត្រីនៃប្រទេសទាំងបី បានវាយតម្លៃខ្ពស់ និងកោតសរសើចំពោះលទ្ធផលជាវិជ្ជមាន របស់ក្រុមការងារនៃតំបន់អភិវឌ្ឍន៍ត្រីកោណ ដែលបានចូលរួមចំណែកកៀរគររកប្រភពជំនួយពីគ្រប់ទិសទី ក្នុងការអភិវឌ្ឍតំបន់ត្រីកោណឲ្យមានការប្រែប្រួលមុខមាត់ថ្មី និងមានការរីកចម្រើនជាលំដាប់។ ជាពិសេសបានប្រែក្លាយពីតំបន់មួយដែលប្រជាពលរដ្ឋមានជីវភាពក្រីក្រឲ្យក្លាយទៅជាតំបន់មួយមានការតភ្ជាប់លើផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ន ការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន។

ប្រមុខដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងបីក៏បានប្តេជ្ញារួមគ្នាថា នឹងខិតខំប្រែក្លាយតំបន់ត្រីកោណអភិវឌ្ឃន៍ឱ្យកាន់ទៅជាប៉ូលសេដ្ឋកិច្ចថ្មីមួយទៀត សម្រាប់ប្រទេសទាំងបី ពិសេសការខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក្នុងប្រទេសទាំងបីឲ្យកាន់តែមានភាពល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

សូមបញ្ជាក់ថា រដ្ឋាភិបាលប្រទេសកម្ពុជា ឡាវ និងវៀតណាម បានព្រមព្រៀងគ្នាបង្កើតតំបន់អភិវឌ្ឍន៍ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV) នៅឆ្នាំ១៩៩៩។ តំបន់អភិវឌ្ឍន៍ត្រីកោណនេះ មានខេត្តចំនួន១៣ ក្នុងនោះប្រទេសកម្ពុជាមានខេត្តចំនួន៤ គឺខេត្តស្ទឹងត្រែង រតនគីរី មណ្ឌលគិរី និងខេត្តក្រចេះ, ប្រទេសឡាវ មានខេត្តចំនួន៤ និងប្រទេសវៀតណាម មានខេត្តចំនួន៥។ ភាគីពាក់ព័ន្ធនៃប្រទេសទាំងបីតែងតែជួបប្រជុំគ្នាជារៀងរាល់ឆ្នាំ ដើម្បីគំាទ្រ និងជំរុញដល់ការងារអភិវឌ្ឍនៃតំបន់អភិវឌ្ឍន៍ត្រីកោណនេះ៕