(ព្រះសីហនុ)៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ជារដ្ឋមន្រ្តីទីស្តីការ និងជាអ្នកទទួលបន្ទុកចាត់ចែងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បាននាំយកថវិកាសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ដ្រីនៃកម្ពុជា ចំនួន៥លានរៀល ជូនដល់ជនរងគ្រោះ២៤នាក់ ដែលរងគ្រោះដោយសារបាក់រលំអគារ នៅមន្ទីរពេទ្យចំការចេក ស្ថិតក្នុងក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារសពពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះករណីបាករលំអគារនេះ ហើយថែមសម្រេចបញ្ចេញថវិកា សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសារសព និងអ្នករងរបួសផងដែរ។

សូមជម្រាបថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង១១៖៣០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដោយគំនរអគារសង្កត់លើ បានកើនឡើងដល់ចំនួន១៨នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់) ខណៈក្រុមជួយសង្គ្រោះរាប់រយនាក់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ស្វែងរកជនរងគ្រោះដែលសង្ស័យថា នៅកំពុងជាប់ក្នុងគំនរអគារ៕