(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ បានដាក់ចេញនូវវិធានការចាំបាច់ចំពោះមុខ ចំនួន៥ចំណុចសំខាន់ៗ ដើម្បីបង្ក្រាបគ្រឿងញៀនឲ្យអស់ ក្នុងឆ្នាំ២០១៩ នៅតាមក្លឹបកម្សាន្ដ និងកន្លែងសប្បាយដ្ឋាន ទូទាំងប្រទេសកម្ពុជា។

នេះបើតាមការឲ្យដឹងពី នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយកិច្ចប្រជុំដកពិសោធន៍ និងពង្រឹងកិច្ចប្រតិបត្តិការបង្ក្រាប ការជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមក្លឹបកម្សាន្ដ និងកន្លែងសប្បាយដ្ឋាន ដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ សន្ដិបណ្ដិត នេត សាវឿន តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់អំពីវិធានការ ចំនួន៥ចំណុច ដែលដាក់ចេញដោយ នាយឧត្តមសេនីយ៍ នេត សាវឿន រួមមាន៖

*ទី១៖ សមត្ថកិច្ចដែលពាក់ព័ន្ធត្រូវជួយគ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការងារស៊ើបអង្កេត
*ទី២៖ ការប្រមូលព័ត៌មាន និងការគាំទ្រគ្នាទៅវិញទៅមក, ហើយបើមានព័ត៌មានច្បាស់ទើបឈានដល់ការបង្ក្រាបជោគជ័យ
*ទី៣៖ ពង្រឹងនីតិវិធីក្នុងការអនុវត្តនៅពេលបង្ក្រាបគ្រឿងញៀន
*ទី៤៖ កិច្ចសហការគ្នារវាងស្ថាប័នពាក់ព័ន្ធ ជាពិសេស គឺសមត្ថកិច្ចអនុវត្តច្បាប់ទាំងអស់ និងស្ថាប័នអយ្យការ
*ទី៥៖ គណៈបញ្ជាការឯកភាពខេត្ត ត្រូវតែទទួលខុសត្រូវក្នុងការដឹកនាំបញ្ជា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយសារគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀន រាជធានី-ខេត្ត គឺជាម្ចាស់ករណីដ៏សំខាន់។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នេត សាវឿន បានសង្កត់ធ្ងន់ថា បើសិនចំនួនអ្នកប្រើប្រាស់គ្រឿងញៀនកើនឡើងនោះ បញ្ហាសន្ដិសុខ បញ្ហាសណ្ដាប់ធ្នាប់ នឹងអាចកើតមានជាមួយគ្នាផងដែរ ដូច្នេះហើយសមត្ថកិច្ចទាំងអស់គម្បីត្រូវតែធ្វើការបង្ក្រាប និងទប់ស្កាត់កុំឲ្យមានទីតាំងកន្លែង សប្បាយដ្ឋានណា ផ្ដល់ឱកាសឲ្យមានអ្នកប្រើប្រាស់គ្រឿងញៀន ក្លាយទៅជាអ្នកញៀនគ្រឿងញៀន ហើយអ្នកនោះក្លាយទៅជាទីផ្សារ សម្រាប់ក្រុមជួញដូរគ្រឿងញៀន។

អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ បានគូសបញ្ជាក់ថា ជុំវិញរង្វង់ប្រតិបត្តិការបង្ក្រាបគ្រឿងញៀន មិនមែនធ្វើតែតាមកន្លែងសប្បាយ ឬក្លឹបកម្សាន្ដនោះទេ ពោលប្រសិនបើសមត្ថកិច្ចប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយ ត្រូវតែបើកប្រតិបត្តិការបង្ក្រាបឲ្យខាងតែបាន។

ក្នុងរបាយការណ៍ របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៤ បានបង្ហាញថា រយៈពេល០៥ខែ ដើមឆ្នាំ២០១៩នេះ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាបបទល្មើសគ្រឿងញៀន សរុបចំនួន៣,៣៣៥ករណី ឃាត់ខ្លួន៧,០៩៧នាក់ ចាប់យកសារធាតុញៀនគ្រប់ប្រភេទសរុប ៣១០.៩៨គីឡូក្រាម កញ្ឆាស្រស់៤៧.១០៣ដើម រួមនឹងមធ្យោបាយសម្ភារវត្ថុតាងមួយចំនួនទៀត។

ដោយឡែក លទ្ធផលបង្ក្រាបតាមគោលដៅក្លឹបកំសាន្ត និងទីតាំងសប្បាយដ្ឋាន ផ្អែកតាមរបាយការណ៍ដែលទទួលបានពីលេខាធិការដ្ឋាន នៃគណៈបញ្ជាការអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៤រាជធានី-ខេត្ត បានឲ្យដឹងថា ក្នុងចំណោមគោលដៅអាជីវកម្ម ក្លឹបកម្សាន្ដ ទីតាំងសប្បាយដ្ឋាន ចំនួន៧,១១៣ទីតាំង ត្រូវបានសមត្ថកិច្ចចុះផ្សព្វផ្សាយអប់រំ ធ្វើកិច្ចសន្យា ដើម្បីស្នើសុំកិច្ចសហការក្នុងការបង្ការ ទប់ស្កាត់ការជួញដូរ និងប្រើប្រាស់គ្រឿងញៀនបានចំនួន ៣,៧៤១កន្លែង ស្មើនឹង៥២%៕