(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ បានប្រកាសសាលក្រម ដោយផ្តន្ទាទោស ជនជាប់ឈ្មោះ យិន ហេង ហៅ «ចំប៉ីខ្មៅ» ឱ្យជាប់ពន្ធនាគារ២ឆ្នាំ និងពិន័យប្រាក់ ៣លានរៀល ប៉ុន្តែទោសនេះឱ្យអនុវត្តតែ១ឆ្នាំប៉ុណ្ណោះ ករណីប្រមាថជាតិសាសន៍ខ្មែរ។

ការប្រកាសសាលក្រមនេះ មានលោក ម៉ៅ ស៊ីណា ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងលោក គុជ គឹមឡុង ជាតំណាងអយ្យការ។

ទោះបីអវត្តមានមេធាវីជនជាប់ចោទ យិន ហេង ប៉ុន្តែសវនាការសួរដេញដោល អាចដំណើរការទៅបាន ដោយហេតុថា ជនជាប់ចោទអាចឆ្លើយតទល់ជាមួយតុលាការបានដោយស្មគ្រ័ចិត្ត។ បាប់តាំងពីការសាកសួរពីដំបូងរហូតដល់បញ្ចប់ការជំនុំជម្រះ ជនជាប់បានសារភាពនូវទោសកំហុសរបស់ខ្លួន និងបានសម្តែងការស្តាយក្រោយចំពោះទ្វើរបស់ខ្លួនកន្លងមក។

យុវជនដែលជាភេទទី៣ «ចំប៉ី ខ្មៅ» ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន នៅខណ្ឌដូនពេញ នាល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៩ បន្ទាប់ពីបង្ហោះជាសាធារណៈ តាមបណ្តាញសង្គម Facebook ដោយបានជេរប្រមាថមកលើ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ក្នុងន័យមើលងាយមើលថោក សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

«ចំប៉ីខ្មៅ» បានបង្ហាញវីដេអូនៅលើបណ្ដាញសង្គម នៅខាងមុខព្រះបរមរាជវាំង ដោយប្រើប្រាស់នូវពាក្យពេចន៍ធ្ងន់ៗ ដោយប្រមាថទៅដល់ជាតិសាសន៍ខ្មែរ។ វីដេអូនោះ បានធ្វើឱ្យមានការខឹងសម្បារយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស និងថ្កោលទោសឱ្យសមត្ថកិច្ច ចាត់ការចំពោះបុគ្គលភេទទី៣នេះផងដែរ។

តាមចម្លើយសារភាពរបស់ជនសង្ស័យរូបនេះ មូលហេតុដែលធ្វើឱ្យខ្លួនប្រមាថជាតិសាសន៍ខ្មែរ ដោយសារតែមានជនអនាមិកចំនួន៣នាក់ បានជិះម៉ូតូមកខោកក្បាលខ្លួនចំនួន៣ដង (៣ក្រញ៉) ដោយមិនដឹងមូលហេតុ។ ជនសង្ស័យថា សកម្មភាពខោកក្បាលពីជនអនាមិក បានធ្វើឱ្យខ្លួនមានការឈឺចាប់ជាខ្លាំង ក៏បង្កឲ្យខ្លួនបង្ហោះវីដេអូជេរប្រមាថខ្មែរ ព្រោះតែកំហឹងមួយឆាវតែម្តង៕