(ភ្នំពេញ)៖ លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅតែអះអាងយ៉ាងដាច់អហង្កាថា វិធានការច្បាប់ក្នុងការកោះហៅអតីតសកម្មជនបក្សប្រឆាំងដោយតុលាការ នាពេលកន្លងមក មិនមែនជាការរឹតត្បិតសំឡេងប្រឆាំង ឬជាការរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនោះទេ តែជាការអនុវត្តច្បាប់ និងនីតិវិធីតុលាការដែលមានជាធរមាននៅកម្ពុជា។

ការអះអាងជាថ្មីនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានលើកឡើងរបស់លោកស្រី Rhona Smith អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា និងលោក David Kay អ្នករាយការណ៍ពិសេសទទួលបន្ទុកសេរីភាពបញ្ចេញមតិ អំពីចំណុចអវិជ្ជមានពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។

លោក កែវ រ៉េមី បានសង្កត់ធ្ងន់ថា ជាគោលការណ៍ច្បាប់ និងសិទ្ធិមនុស្សជាសកល ការជួបជុំគ្នា ឬសម្តែងមតិក្នុងចេតនាទុច្ចរិតគាំទ្រដល់ចលនាខុសច្បាប់ក្នុងការបង្កភាពចលាចល និងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ក្នុងរដ្ឋអធិបតេយ្យមួយ មិនមែនជាសិទ្ធិសេរីភាពនៃការជួបជុំ និងការបញ្ចេញមតិដែលត្រូវការពារដោយច្បាប់នោះទេ តែផ្ទុយទៅវិញត្រូវទទួលខុសត្រូវតាមផ្លូវច្បាប់ ដែលត្រូវអនុវត្តតាមនីតិវិធីតុលាការ ដែលមានជាធរមាននៅក្នុងរដ្ឋអធិបតេយ្យនោះ។

មេសិទ្ធិមនុស្សកម្ពុជារូបនេះបានបន្តថា ផ្ទុយស្រឡះពីការលើកឡើងរបស់អ្នករាយការណ៍ពិសេសទាំងពីររូបនេះ សេរីភាពនៃការជួបជុំ និងការបញ្ចេញមតិត្រូវបានធានា និងការពារយ៉ាងពេញលេញនៅកម្ពុជា ដោយប្រជាពលរដ្ឋភាគច្រើនលើសលប់ កំពុងប្រើប្រាស់ដោយសេរីនូវបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមក្នុងការសម្តែងមតិរបស់ខ្លួនតាមផ្លូវច្បាប់។

ជាពិសេស វិទ្យុសំឡេងសហរដ្ឋអាមេរិក VOA នាពេលថ្មីៗនេះ ក៏ត្រូវបានអនុញ្ញតដាក់ឱ្យដំណើរការឡើងវិញផងដែរនូវការិយាល័យ និងការផ្សាយរបស់ខ្លួននៅកម្ពុជា ក្រោយពីបានបំពេញនូវបែបបទ និងនីតិវិធីច្បាប់ដែលមានជាធរមានចប់សព្វគ្រប់៕