(ត្បូងឃ្មុំ)៖ ឆ្លងកាត់រយៈពេល៤២ឆ្នាំ បន្ទាប់ពីត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ មាតុភូមិកម្ពុជា ជាទីស្នេហាបានផ្លាស់ប្តូរមុខមាត់ថ្មីយ៉ាងស្រស់បំព្រងក្រោមកម្លាំងមហាសាមគ្គីរបស់ប្រជាជន ដែលបានពុះពារជម្នះរាល់ការលំបាកស្មុគស្មាញគ្រប់បែបយ៉ាង បង្កើតបានសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យជាមួយនឹងការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ។

តំបន់កោះថ្ម ស្ថិតនៅក្នុងឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាតំបន់ប្រវត្តិសាស្ត្រមួយដែលសមមិត្ត ហ៊ុន សែន និងសមមិត្តគួរឱ្យទុកចិត្តរួមស្មាប្រយុទ្ធ៤នាក់ផ្សេងទៀត បានភៀសខ្លួនចេញពីប្រទេសកម្ពុជាទៅសុំជំនួយពីកងកម្លាំងរបស់វៀតណាម ដើម្បីមកផ្តួលរំលំរបស់ប្រល័យពូជសាសន៍ ប៉ុល ពត នៅឆ្នាំ១៩៧៧។ ទឹកដីនេះ ជាតំបន់ដាច់ស្រយាលមួយលំបាករស់នៅ គ្មានផ្លូវ គ្មានសាលារៀន តែបច្ចុប្បន្នក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ផ្ទាល់តែម្តងនោះ បានប្រែក្លាយតំបន់ជាប់ព្រំដែនវៀតណាមមួយនេះ ឱ្យក្លាយជាតំបន់មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តយ៉ាងច្រើន ដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជននៅក្នុងតំបន់នេះទាំងមូល។

ក្រោមមានដឹកនាំរបស់យ៉ាងយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បច្ចុប្បន្ននៅតំបន់កោះថ្ម ទទួលបានផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែង ៩,៩០០ម៉ែត្រ មានបង្កប់ប្រព័ន្ធលូ ដើម្បីបញ្ចៀសទឹកនៅរដូវវស្សា សាលារៀនថ្មីត្រូវបានកសាងឡើង មាន ៣អគារ ដើម្បីទុកជាថ្នាលឱ្យកុលបុត្រ កុលធីតាខ្មែរ នៅក្នុងតំបន់នេះ បានសិក្សារៀនសូត្រនៅក្នុងបន្ទប់ ដែលមានផាកសុខភាព និងមានសុវត្ថិភាព។

មិនត្រឹមតែប៉ុណ្ណោះ ប្រជាជននៅក្នុងតំបន់នេះបានរស់នៅដោយភាពសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព ស្ថិរភាពពេញលេញ កំណើនសេដ្ឋកិច្ចមានការកើនឡើងជាលំដាប់ ដែលពីអតីតកាលប្រជាជាតិដ៏កម្សត់មួយនេះ រងការសម្លាប់រង្គាល កម្លាំងជាតិមួយដែលត្រូវខ្សោះ ខ្សោយរីងស្ងួត។ ប៉ុន្តែ៤២ឆ្នាំ ក្រោយពីបានងើបឈរវិញយ៉ាងត្រដែតប្រកបដោយមោទនភាពជាមួយវឌ្ឍនភាពលើគ្រប់វិស័យបានធ្វើឱ្យមនុស្ស មានសម្បជញ្ញៈ ទាំងឡាយមើលឃើញច្បាស់នូវថាមពលរបស់ប្រជាជនកម្ពុជា ក្នុងការកសាង និងការពារមាតុភូមិរបស់ខ្លួន ស័ក្តិសមជាអ្នកបន្តមរតក ពីបុព្វបុរសសម័យមហានគរ ដែលបានកសាងទឹកដី និងវប្បធម៌ អរិយធម៌អង្គរដ៏រុងរឿង។

ជុំវិញនឹងការអភិវឌ្ឍនេះ ប្រជាពលរដ្ឋក្នុងឃុំទន្លូង ស្រុកមេមត់ បានលើកឡើងថា ក្រោយថ្ងៃរំដោះ៧ មករា មក តំបន់កោះថ្ម ប្រៀបដូចជាតំបន់នៅឆ្ងាយដាច់ស្រយ៉ាល។ ប៉ុន្តែក្រោយពីការគិតគូរយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ មកដល់បច្ចុប្បន្ននៅឃុំទន្លូង ទទួលបានការអភិវឌ្ឍឥតឈប់ឈរ ដែលប្រជាពលរដ្ឋចាត់ទុកជាប្រយោជន៍យ៉ាងសំខាន់ ជាពិសេសការប្រែក្លាយជីវភាពកាន់ធូរធារ ពោលគឺបានបង្កលក្ខណៈងាយស្រួលគ្រប់បែបយ៉ាងសម្រាប់ការរស់នៅរបស់ប្រជាជននៅមូលដ្ឋាននោះ។

ប្រជាពលរដ្ឋបានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើគ្មានការសម្រេចចិត្តដ៏អង់អាចក្លាហាន ហ៊ានលះបង់សាច់ស្រស់ ឈាមស្រស់ របស់សមមិត្ត ហ៊ុន សែន និងសមមិត្តទាំង ៤នាក់ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧នោះទេ ដែលបង្កើតឱ្យមានព្រឹត្តិការណ៍ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ដែលធ្វើឱ្យជីវិតប្រជាជនរួចផុតពីជ្រោះមរណៈឡើងវិញដ៏អស្ចារ្យនោះទេ យើងមិនអាចមើលឃើញពន្លឺនៃការរីកចម្រើនដូចបច្ចុប្បន្ននោះឡើយ។ ទិវាជ័យជម្នះ ៧ មករា ត្រូវបានប្រជាជនយើងទូទាំងប្រទេសប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្នុងស្មារតីចងចាំជានិច្ចនូវមហាគុណូបការៈនៃជ័យជម្នះ ជាប្រវត្តិសាស្ត្រនេះ»