(ក្រចេះ)៖ មន្រ្តីជំនាញមកពីខេត្តចំនួន៤ រួមមាន៖ ក្រចេះ ស្ទឹងត្រែង ត្បូងឃ្មុំ កំពង់ចាម និងតំណាងអង្គការ GIZ ប្រមាណជាង២៥០នាក់ នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩នេះ បានចូលរួមសិក្ខាសាលា ស្ដីពីការផ្សព្វផ្សាយទិន្នន័យគ្រួសារក្រីក្រ ដើម្បីស្វែងរកយន្តការអនុវត្តអត្តសញ្ញាកម្មគ្រួសារក្រីក្រ តាមការស្នើសុំ ជុំទី១២ ឆ្នាំ២០១៩ នៅសាលមហោស្រពខេត្តក្រចេះ ក្រោមអធិបតីភាព លោក ឆាយ ថន ទេសរដ្ឋមន្ត្រី និងជាមន្រ្តីក្រសួងផែនការ។

លោក ឆាយ ថន បានបញ្ជាក់ថា ការកាត់បន្ថយភាពក្រីក្រមិនមែនជាការងារ ដែលគេអាចនឹងសម្រេចបានក្នុងរយៈពេលខ្លីនោះទេ ហើយកិច្ចការនេះ គឺជាកាតព្វកិច្ចទាំងអស់គ្នា ចាប់តាំងពីថ្នាក់ជាតិ រហូតដល់ថ្នាក់មូលដ្ឋាន ដូច្នេះរាល់សកម្មភាពការងារ ក៏ដូចជាអន្តរាគមន៍ទាំងឡាយរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ គឺជាការរួមចំណែកឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រ។

លោករដ្ឋមន្រ្តីបន្តថា រាជរដ្ឋាភិបាល បានកំណត់ចក្ខុវិស័យវែងឆ្ងាយ ក្នុងការឈានទៅសម្រេចបាន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដើម្បីសម្រេចបានចក្ខុវិស័យរបស់ខ្លួន រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំ និងដាក់ឱ្យអនុវត្តប្រព័ន្ធគាំពារសង្គម គឺជាការកសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាប័ន្ន ប្រសិទ្ធភាព និងចីរភាណហិរញ្ញវត្ថុ ដែលជាឧបករណ៍បម្រើ ដល់ការកាត់បន្ថយ និងទប់ស្កាត់ភាពក្រីក្រ ភាពងាយរងគ្រោះ និងវិសមភាព ហើយរួមចំណែកដល់ការអភិវឌ្ឍ និងគាំពារធនធានមនុស្សកាន់តែទូលំទូលាយ និងជំរុញកំណើនសេដ្ឋកិច្ច និងបានប្ដេជ្ញាចិត្កយ៉ាងម៉ុតមាំ ក្នុងការកាត់បន្ថយភាពក្រីក្រ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះកម្មវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងចាត់ទុកជាកម្មវិធីនេះ ជាឧបករណ៍ដ៏មានសារៈសំខាន់ ក្នុងការជំរុញល្បឿនកាត់បន្ថយភាពក្រីក្រ ឱ្យបានឆាប់រហ័ស ដើម្បីសម្រេចបានជោគជ័យ ក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិ និងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍កម្ពុជា នៅឆ្នាំ២០១៥ និងគៅលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ ក្នុងការលុបបំបាត់ភាពក្រីក្រធ្ងន់ធ្ងរ និងការអត់ឃ្លាន ជាពិសេសនៅតាមតំបន់ជនបទ ដែលមានអត្រាប្រជាពលរដ្ឋក្រីក្រខ្ពស់ និងដាក់ឲ្យអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ ដែលមានគោលបំណងធានាបាន នូវប្រសិទ្ធភាពនៃការគ្រប់គ្រង លើការអនុវត្តអត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងការប្រើប្រាស់ទិន្នន័យគ្រួសារក្រីក្រ។

លោក ឆាយ ថន បានថ្លែងបន្ថែមថា ដើម្បីការងារអាទិភាពនេះ និងដើម្បីធានាប្រសិទ្ធភាព និងពន្លឿនល្បឿនកាត់បន្ថយភាពក្រីក្រ ក្រសួងផែនការ បានដាក់ចេញនូវសំណុំអន្តរាគមន៍ សេវាដើម្បីកាត់បន្ថយចំណាយ ដោយផ្ដោតឱ្យចំប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះបំផុត ដើម្បីលើកកម្ពស់ជីវភាពរស់នៅ អភិវឌ្ឍន៍ធនធានមនុស្ស និងការពារពួកគាត់ពីវិបត្តិ ដែលអាចបណ្ដាលឱ្យធ្លាក់ទៅរកភាពក្រីក្រ ឬធ្វើឱ្យស្ថានភាពលំបាករបស់ពួកគាត់ កាន់តែមានសភាពធ្ងន់ធ្ងរឡើយ៕