(ភ្នំពេញ)៖ ស្ថានទូតខ្មែរ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តយ៉ាម៉ាហ្គាតា ដែលជាខេត្តជួបគ្រោះរញ្ជួយដីក្នុងកម្រិតខ្ពស់រហូតដល់ ៦.៨រិកទ័រ ប្រញាប់ទាក់ទងទៅកាន់ស្ថានក្នុងករណីពួកគេរងនូវផលប៉ះពាល់ផ្សេងៗនោះ។

ប្រជាពលរដ្ឋខ្មែររស់នៅក្នុងខេត្តជួបគ្រោះរញ្ជួយដីនេះ អាចទាក់ទងស្ថានទូតតាមរយៈទំព័រ Facebook របស់ស្ថានទូត (Royal Embassy of Cambodia in Japan 在日本国カンボジア王国大使館) ឬតាមទូរសព្ទលេខ៖ 090 4689 9374 ឬ 08034597889។

ក្នុងសេចក្តីជូនដំណឹងរបស់ស្ថានទូតខ្មែរនៅជប៉ុនធ្វើឡើងនៅយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថានទូតខ្មែរ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅជប៉ុន កុំធ្វើដំណើរទៅលេងកម្សាន្តនៅតាមតំបន់ឆ្នេរនៃខេត្ត Yamagata, Niigata និង Ishikawa ព្រោះថាតំបន់ឆ្នេរទាំង៣នេះ ប្រឈមនឹងការកើតមានរលកយក្សស៊ូណាមិ។

យោងតាមស្ថានទូតជប៉ុន បានឱ្យដឹងថា នៅវេលាម៉ោងប្រមាណ ១០៖២២នាទីយប់ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ មានគ្រោះរញ្ជួយដីក្នុង
កម្រិតខ្ពស់រហូតដល់ ៦,៨ រិកទ័រ បានចាប់ផ្តើមនៅខេត្តយ៉ាម៉ាហ្គាតា (Yamagata)។ អាជ្ញាធរជប៉ុន បានប្រកាសថា គ្រោះរញ្ជួយដីអាចបង្កឲ្យមានរលកយក្សស៊ូណាមិនៅតាមតំបន់ឆ្នេរនៃខេត្ត Yamagata, Niigata និង Ishikawa ថែមទៀតផង។

តាមការចេញផ្សាយរបស់សារព័ត៌មាន CNA ដោយយោងទៅតាមទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិតខ្ពស់នេះ បានវាយប្រហារលើទីប្រជុំកោះ Honshu របស់ប្រទេសជប៉ុន។

ទីភ្នាក់ងារឃ្លាំមើលគ្រោះរញ្ជួយដីអាមេរិក បានគូសបញ្ជាក់ទៀតថា គ្រោះរញ្ជួយដីខាងលើមានជម្រៅរញ្ជួយទៅក្នុងដី ១៦.១គីឡូម៉ែត្រ។ ភ្លាមៗនោះ មិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ឬការខូចខាតនៅឡើយទេ។ ប៉ុន្តែទីភ្នាក់ងារឧតុនិយមជប៉ុន បានប្រកាសពីភាពអាសន្ននៃរលកយក្សស៊ូណាមិ ដែលមានកម្ពស់ពី ០.២ រហូតដល់ ១ម៉ែត្រ នៅតាមតំបន់ឆ្នេរនៃទីប្រជុំកោះ Honshu៕