(ពោធិ៍សាត់)៖ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាពេលថ្មីៗនេះ បានក្រើនរំលឹកដល់មន្ត្រីនៅទូទាំងខេត្ត មុននឹងបញ្ជាក់ទៅលើឯកសារ ឫលិខិតស្នាមផ្សេងៗ ត្រូវពិនិត្យទៅលើសាវតា និងអក្ខរាវិរុទ្ធឱ្យបានច្បាស់លាស់ ចៀសវាងមានការឆកល្វែង ដើម្បីឱ្យប្រជាពលរដ្ឋអស់កង្វល់។

ការស្នើបែបនេះរបស់លោក ម៉ៅ ធនិន បានធ្វើឡើងនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងឱកាសដែលោកបានអញ្ជើញចូលរួម ក្នុងពិធីប្រកាសចូលកាន់តំណែង សមាជិកភាពក្រុមប្រឹក្សា ស្រុកបាកាន អាណត្តិទី៣ ចំនួន២១រូប ក្នុងនោះស្រី ៤រូប ដោយបានការចូលរួមជាគណៈអធិបតីពីសំណាក់លោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត នៅបរិវេណសាលាស្រុកបាកាន។

លោក ម៉ៅ ធនិន បានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ ដូច្នេះសូមឱ្យថ្នាក់ដឹកនាំក្នុងជួរក្រុមប្រឹក្សាស្រុក គណៈអភិបាល និងក្រុមប្រឹក្សាឃុំទាំងអស់ ប្រើប្រាស់តួនាទីជាគម្រូ មានក្រមសីលធម៌គ្រប់គ្រាន់ ខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងលើកកម្ពស់ការទទួលខុសត្រូវ។

លោកអភិបាលខេត្ត ក៏បានស្នើដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ជួយពិនិត្យមើល និងជ្រើសរើសមន្ត្រី ឬបុគ្គលិកដែលព្យាយាម និងយកចិត្តទុកដាក់ខ្ពស់ លើអក្ខរាវិរុទ្ធ ដែលបានសរសេរ ឬបោះពុម្ពឡើង ទៅលើលិខិតស្នាមផ្សេងៗត្រឹមត្រូវឥតខ្ចោះ ដើម្បីសម្រួលដល់ផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានបន្តថា កត្តាសាមគ្គីភាព ជាមូលដ្ឋានបង្អែកដ៏ធំមួយ ដែលសម្រេចទៅលើជោគជ័យទាំងឡាយទាំងពួង ផ្ទុយទៅវិញការដឹកនាំយន្តការខេត្ត ឬស្រុក ក្រុង ឃុំ សង្កាត់ ក្នុងនាមយើងជាអ្នកអនុវត្តន៍ច្បាប់ ត្រូវឈរលើមូលដ្ឋាន សុក្រឹត្យ និងយុត្តិធម៌ និងប្រើប្រាស់តួនាទីទៅតាមឋានុក្រមគ្រួសារ។ លោកបានបន្ថែមទៀតថា ក្រដាស់មួយសន្លឹកដែលប្រកាសនាពេលនេះ គឺជាការចាត់តាំង ប៉ុន្តែខ្លឹមសារពិត តម្លៃពិត និងកិត្តិយសពិត ដែលយកទៅនោះ សូមឱ្យជ្រួតជ្រាបទៅដល់សុខទុក្ខរបស់ពលរដ្ឋ នោះទើបត្រឹមត្រូវ។

ថ្នាក់ដឹកនាំខេត្តរូបនេះ បានជម្រាបជូនទៀតថា ខេត្តពោធិ៍សាត់ពិតជាមានកិត្តិយសក្រៃលែង ដែលយើងបានបង្កើតស្រុកថ្មី១ទៀត គឺស្រុកតាលោសែនជ័យ។ ហើយពិធីប្រកាសក្រុមប្រឹក្សាស្រុកតាលោសែនជ័យ នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ខាងមុខ នឹងប្រារព្ធធ្វើរួមគ្នាជាមួយពិធីប្រកាសគណៈអភិបាលស្រុកផងដែរ។

លោកបានឱ្យដឹងបន្ថែមថា ថ្នាក់ដឹកនាំក្នុងជួរក្រុមប្រឹក្សាឃុំ ត្រូវបានជ្រើសរើសពីឃុំតាលោ និងឃុំផ្ទះរុង ដោយឡែកគណៈអភិបាលស្រុក ត្រូវបានជ្រើសរើសពីក្រុមយុវជនមួយចំនួន ដែលយើងគិតថាមានសមត្ថភាព អាចដឹកនាំយន្តការស្រុកថ្មីនេះបាន។

ក្នុងនាមថ្នាក់ដឹកនាំខេត្ត លោកសូមឱ្យមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ខិតខំកសាង និងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដោយបណ្តុះនូវវប្បធម៌កតញ្ញូ និងចរិតជាតិនិយម សម្រាប់យុវជនជំនាន់ក្រោយ៕